នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា កងទ័ពជាតិសូម៉ាលី (SNA) ធ្វើប្រតិបត្តិការនៅទីតាំងជាច្រើនក្នុងតំបន់ Lower Shabelle ភាគខាងត្បូងប្រទេសសូម៉ាលីដោយបានសម្លាប់សមាជិកសកម្មប្រយុទ្ធអាល់សាបាប(al-Shabab) ចំនួន១៨នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។
មេបញ្ជាការប្រតិបត្តិការ SNA ប្រចាំតំបន់លោក Abdalla Mustaf ប្រាប់ភ្នាក់ងារសារព័ត៌មានរដ្ឋ SONNA ថា ប្រតិបត្តិការនោះមានគោលបំណងដើម្បីបង្ក្រាបភេរវករដែលតែងតែដាំគ្រាប់មីននៅតាមដងផ្លូវសំខាន់ៗក្នុងតំបន់។
គេដកស្រង់ប្រសាសន៍របស់លោក Mustaf ដែលមានសេចក្តីថា “កងកម្លាំងទ័ពបានសម្លាប់ភេរវករអាល់សាបាបចំនួន១៨នាក់ និងបណ្តាលឲ្យសមាជិកជាច្រើននាក់រងរបួស។ ពួកគេទាំងអស់ជាអ្នកទទួលបន្ទុកលើគ្រឿងផ្ទុះនិងគ្រាប់មីនដែលកំណត់គោលដៅទៅលើរថយន្តប្រដាប់អាវុធ និងរថយន្តក្រុងស៊ីវិលដែលបើកបរលើផ្លូវ។ ប្រតិបត្តិការនេះទទួលបានជោគជ័យ” ។
លោកមានប្រសាសន៍ថា ប្រតិបត្តិការនោះធ្វើឡើងនៅសង្កាត់ Magurto, Gumurey, Adeyley, Donyarow និងសង្កាត់ Lafagale ក្បែរទីក្រុង Afgoye ក្នុងតំបន់Lower Shabelle។ មេបញ្ជាការកងទ័ពពុំបានធ្វើការអត្ថាធិប្បាយថា មានអ្នកស្លាប់ និងរបួសនៅភាគី SNA ក្នុងអំឡុងពេលប្រតិបត្តិការ ឬយ៉ាងណានោះទេ។
កងកម្លាំងសូម៉ាលីនិងដៃគូអន្តរជាតិបានបង្កើនប្រតិបត្តិការសន្តិសុខនាពេលថ្មីៗនេះប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់សាបាបនៅតំបន់ភាគខាងត្បូងក្នុងការប៉ុនប៉ងដើម្បីរំដោះទីក្រុងដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមអាល់សាបាប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១









