យោធាអ៊ីរ៉ាក់និយាយថា នៅថ្ងៃចន្ទ ទី១៥ ខែមីនា គ្រាប់រ៉ុក្កែតចំនួន២គ្រាប់ធ្លាក់នៅជិតមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់មួយក្នុងខេត្ត Salahudin នៅភាគខាងជើងទីក្រុងបាដាដ(Baghdad)។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការចំរុះអ៊ីរ៉ាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ការវាយប្រហារកើតឡើងនៅពេលល្ងាចនាំឲ្យគ្រាប់រ៉ុក្កែតធ្លាក់នៅក្បែរមូលដ្ឋានអាកាសដែលមានចម្ងាយប្រហែល៩០គីឡូម៉ែត្រពីខាងជើងទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ ដោយពុំបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។
យោងតាមសេចក្តីថ្លែងការណ៍បានអោយដឹងថា គ្រាប់រ៉ុក្កែតទាំងនោះបាញ់ចេញពីតំបន់ Saadiyat al-Shatt ដែលជាតំបន់នៅជុំវិញទន្លេ Tigris ក្នុងខេត្ត Diyala។ មូលដ្ឋានទ័ពអាកាស Balad គឺជាមូលដ្ឋានទ័ពយោធាធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ហើយកងកម្លាំងសហរដ្ឋអាមេរិកចាត់ទុកទីនោះជាមូលដ្ឋានទ្រទ្រង់ភ័ស្តុភារ។ មូលដ្ឋានទ័ពអាកាសនោះនៅតែជាទីតាំងរបស់អ្នកជំនាញ និងទីតាំងប្រឹក្សារបស់ក្រុមហ៊ុនអាមេរិកមួយចំនួនដែលកំពុងប្រតិបត្តិការយន្តហោះប្រយុទ្ធ F-16 របស់អ៊ីរ៉ាក់ ប៉ុន្តែកងទ័ពសហរដ្ឋអាមេរិកបានដកថយចេញពីទីនោះអស់រយៈពេលច្រើនជាងមួយឆ្នាំមកហើយក្រោយពីមូលដ្ឋានអាកាសនោះស្ថិតនៅក្រោមការវាយប្រហារពីគ្រាប់រ៉ុក្កែតរបស់កងជីវពលមិនស្គាល់អត្តសញ្ញាណ។
រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ សូមបញ្ជាក់ផងដែរថា ទីបញ្ជាការកងទ័ពអាមេរិកនៅពាសពេញប្រទេសអ៊ីរ៉ាក់ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកនៅតំបន់បៃតងរងការវាយប្រហារជាញឹកញាប់ពីកាំភ្លើងធំនិងគ្រាប់រ៉ុក្កែត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១