សកម្មជនមីយ៉ាន់ម៉ាគ្រោងធ្វើបាតុកម្មថ្មីនៅថ្ងៃច័ន្ទ (២២ មីនា) រួមទាំងការអំពាវនាវឲ្យក្បួនរថយន្តធ្វើដំណើរឆ្លងកាត់ផ្លូវប្រសព្វលើកម្រាមដៃ ៣ ប្រឆាំងនឹងរដ្ឋប្រហារ ទោះបីជាមានសេចក្តីរាយការណ៍ថា កម្លាំងសន្តិសុខជាច្រើនបានសម្លាប់មនុស្សជាច្រើននាក់កាលពីចុងសប្តាហ៍ក៏ដោយ។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានជាប់គាំងនៅក្នុងវិបត្តិចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជីកាលពីថ្ងៃទី ១ ខែកុម្ភៈត្រូវបានផ្តួលរំលំដោយយោធាដែលនាំមកនូវការបញ្ចប់កំណែទម្រង់ប្រជាធិបតេយ្យបណ្តោះអាសន្នរយៈពេល ១០ ឆ្នាំនេះ។
បុរសម្នាក់ត្រូវបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅពេលដែលប៉ូលិសបានបើកការបាញ់ប្រហារទៅលើក្រុមមួយដែលរៀបចំរនាំងនៅកណ្តាលក្រុង Monywa នោះ។ វេជ្ជបណ្ឌិតនៅទីនោះបាននិយាយកាលពីថ្ងៃអាទិត្យថាក្រុមសហគមន៍បានចេញសេចក្តីអំពាវនាវតាមហ្វេសប៊ុកអោយមានអ្នកផ្តល់ឈាមផងដែរ។
វេបសាយពត៌មានរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រោយមកមនុស្សម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួសនៅក្នុងទីក្រុងម៉ាន់ដាឡេន (Mandalay) ដែលជាទីក្រុងទី ២ ធំបំផុតនៅប្រទេសនេះ នៅពេលដែលកម្លាំងសន្តិសុខជាច្រើនបានបើកការបាញ់ប្រហារបន្ទាប់ពីប្រជាជនបានព្យាយាមទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់យោធាដើម្បីបង្កើតមូលដ្ឋាននៅក្នុងសាលារៀនមួយនោះ៕
សម្រួល៖ សុផា









