យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ក្រុមបាតុករប្រឆាំងនឹងរបបយោធាអំពីការដុតបំផ្លាញ និងអំពើហឹង្សានៅពេលដែលបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គលជាច្រើន និងក្រុមជាច្រើនដែលជាប់ទាក់ទងនឹងរដ្ឋប្រហារកាលពីខែមុន និងការបង្ក្រាបដ៏ឃោរឃៅមួយប្រឆាំងនឹងក្រុមអ្នកតវ៉ា។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយថាក្រុមបាតុករ ១៦៤ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សានេះ និងបានសម្តែងការសោកស្តាយចំពោះការស្លាប់នេះផងដែរ។ លោកបានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីNaypyitawកាលពីថ្ងៃអង្គារ (២៣ មីនា) ថា“ ពួកគេក៏ជាពលរដ្ឋរបស់យើងដែរ” ។
ក្រុមសកម្មជនសមាគមជំនួយសម្រាប់អ្នកទោសនយោបាយនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៦១ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដ៏ឃោរឃៅរបស់កងកម្លាំងសន្តិសុខ។ សាក្សីជាច្រើន និងសេចក្តីរាយការណ៍មួយចំនួនបាននិយាយថាមនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងធំបំផុតទី ២ របស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងភាពចលាចលកាលពីថ្ងៃច័ន្ទរួមទាំងក្មេងប្រុសជំទង់ម្នាក់ដែលស្លាប់ផងដែរ។
ទីភ្នាក់ងារព័ត៌មាន Mizzima បានរាយការណ៍ថា កងកម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់បន្ថែមទៀតនៅផ្នែកខ្លះនៃទីក្រុងយ៉ាំងហ្គោនកាលពីយប់ថ្ងៃច័ន្ទតាមរយៈការបាញ់ប្រហារ និងមនុស្សមួយចំនួនរងរបួសផងដែរ។ របបយោធាបានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃរដ្ឋប្រហារដោយនិយាយថាការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកាដែលឈ្នះដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីគឺជាការក្លែងបន្លំ។ នេះគឺជាការចោទប្រកាន់មួយដែលគណៈកម្មការបោះឆ្នោតបានបដិសេធ។ មេដឹកនាំយោធាបានសន្យាថានឹងមានការបោះឆ្នោតថ្មីមួយប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទនោះទេរហូតមកទល់ពេលនេះ៕
សម្រួល៖ សុផា









