អ៊ីស្រាអែល​ចាប់ខ្លួន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន២៧នាក់​នៅក្នុង​តំបន់ West Bank

0

កងកម្លាំង​អ៊ីស្រាអែល​នៅ​ថ្ងៃ​ពុធ ទី២៤ ខែមីនា​នេះ​បាន​ចាប់ខ្លួន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ២៧នាក់​ដោយ​ក្នុងនោះ​មាន​មេដឹកនាំ​របស់​ចលនា​ត​ស៊ូ​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន (Hamas) ចំនួន ២នាក់​ផងដែរ​នៅក្នុង​តំបន់ West Bank។

ប្រភពព័ត៌មាន​ពី​មន្ទី​ឃុំ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងកម្លាំង​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិ​ការចាប់ខ្លួន​នៅក្នុង​ទីក្រុង Ramallah ទីក្រុង​Jenin ទីក្រុង Bethlehem និង​តំបន់​ខាងកើត​ក្រុង Jerusalem។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា“លោក Jamal al-Taweel និង Bajes Nakhla ដែលជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម Hamas ទាំងពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ជិត​ក្រុង Ramallah”។

ក្រុម Hamas ធ្វើការ​ថ្កោលទោស​លើ​ការចាប់ខ្លួន​មេដឹកនាំ​របស់​ពួកគេ​នៅ​តំបន់ West Bank ដោយ​បន្ថែមថា ការចាប់ខ្លួន​ទាំងនោះ​នឹង​មិនអាច​រារាំង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ខែឧសភា​នោះទេ។

នៅ​ព្រឹក​ថ្ងៃ​ពុធ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​តាម​អាកាស​ទៅលើ​ទីតាំង​យោធា​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​សកម្មប្រយុទ្ធ Hamasនៅ​ភាគ​ខាងជើង និង​ភាគកណ្តាល​តំបន់ Gaza Strip នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុម Hamas។

ប្រភពព័ត៌មាន​ពី​ក្រុម Hamas អះអាង​បន្ថែមថា គ្រាប់​រ៉ុក្កែត និង​មី​ស៊ី​ល​ដែល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាញ់​នោះ​ពុំ​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​ឡើយ។ ប៉ុន្តែ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​កើតឡើង​នៅ​ទីតាំង​មួយចំនួន​ក្នុង​តំបន់ Gaza Strip ។

ចំណែកឯ​ប្រភពព័ត៌មាន​ពី​យោធា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា ការវាយប្រហារ​នោះ​ធ្វើឡើង​ដើម្បី​សងសឹក​ទៅនឹង​ការបាញ់​រ៉ុក្កែត​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​នៅ​យប់​ថ្ងៃ​អង្គារ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here