ប៉ូលិសប្រឆាំងភេរវកម្មបារាំងចាប់ខ្លួនក្រុមគ្រួសារមួយមានស្ត្រីចំនួន០៥នាក់ក្រោយពីមនុស្សម្នាក់ក្នុងចំណោមសមាជិកគ្រួសារនោះជាប់សង្ស័យថារៀបផែនការវាយប្រហារភេរវកម្មលើទីតាំងសាសនា។ ការរាយការណ៍មួយបង្ហាញថា នៅក្នុងផ្ទះរបស់ពួកគេមានដាវ និងសារធាតុគីមីគ្រោះថ្នាក់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បញ្ជាក់ពីប្រតិបត្តិការនេះតាមរយៈសារធ្វីតធ័រដោយលោកបានអរគុណដល់ភ្នាក់ងារប្រឆាំងភេរវកម្មចំពោះប្រតិបត្តិការការងាររបស់ពួកគេ។
អ្នកសារព័ត៌មានបារាំងជាច្រើនបានរាយការណ៍នៅមុននេះឲ្យដឹងថា អាជ្ញាធរបានដឹងថាស្ត្រីម្នាក់ដែលពុំទាន់បង្ហាញអត្តសញ្ញាណជាសាធារណៈកំពុងរៀបចំផែនការវាយប្រហារភេរវកម្មទៅលើទីតាំងសាសនាមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុង Montpellier អំឡុងថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ។ ប្រភពបន្ថែមថា នាងមានលក្ខណៈងុបងល់ខ្លាំងក្រោយពីបានមើលវីដេអូរបស់ក្រុមរដ្ឋអ៊ីស្លាម(IS ដែលជាអតីត ISIS) ។
សមត្ថកិច្ចចាប់ខ្លួនស្ត្រីរូបនោះនៅយប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា នៅក្នុងទីក្រុង Beziers ដែលមានចម្ងាយ៧០គីឡូម៉ែត្រពីទីក្រុង Montpellier រួមជាមួយនឹងម្តាយ និងបងប្អូនស្រីចំនួន៣ នាក់របស់នាងដោយមានម្នាក់ជាអនីតិជន។
នៅអំឡុងពេលនៃការឆែកឆេរក្នុងផ្ទះរបស់ស្ត្រីនោះ ប៉ូលិរាយការណ៍ថាបានរកឃើញដាវមុត និងជាតិគីមីដែលអាចទុកប្រើដើម្បីផលិតគ្រឿងផ្ទុះ។ យ៉ាងណាមិញមានទស្សនាវដ្តី Le Point magazine បានដកស្រង់ប្រភពព័ត៌មានមួយដែលបានលើកឡើងថា ធាតុគីមីទាំងនោះអាចទិញមកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ក្រោយមក ក៏មានការស៊ើបអង្កេតដើម្បីរកឲ្យដឹងថា ស្ត្រីនោះមានទំនាក់ទំនងជាមួយក្រុមភេរវករ ឬយ៉ាងណា។
អភិបាលក្រុង Beziers លោក Robert Menard ប្រាប់កាសែត Le Figaro ថា ក្រុមគ្រួសារដែលត្រូវបានឃុំខ្លួនគឺជាសកម្មជនអ៊ីស្លាម។ លោកបន្ថែមឲ្យដឹងថា ទីក្រុង La Deveze ជាកន្លែងរស់នៅរបស់ក្រុមគ្រួសារជាប់ឃុំខ្លួននោះដែលទីនោះជាតំបន់ពិបាករស់នៅដោយសាររងផលប៉ះពាល់ពីការធ្វើអន្តោប្រវេសន៍ច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានRTចុះផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១