យោធានិយាយនៅថ្ងៃច័ន្ទថារយៈពេល៣ខែកន្លងមកប្រតិបត្តិការសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់សម្លាប់សមាជិកសកម្មប្រយុទ្ធសរុបចំនួន៣៤នាក់របស់ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម (IS) និងចាប់បានសមាជិកចំនួន៩៩នាក់ផ្សេងទៀត។
អ្នកនាំពាក្យអគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់លោក Yahia Rasoul មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) ធ្វើប្រតិបត្តិការសន្តិសុខចំនួន១០៩លើកប្រឆាំងទីតាំងរបស់ IS ក្នុងរយៈពេលបីខែកន្លងមកនៅទូទាំងប្រទេស។ប្រតិបត្តិការនេះ ទទួលបានការគាំទ្រពីយន្តហោះចម្រុះអ៊ីរ៉ាក់ និងអន្តរជាតិ ដោយធ្វើការវាយប្រហារតាមអាកាសចំនួន៣៣៧លើកប្រឆាំងលើទីតាំងនិងតំបន់លាក់ខ្លួនរបស់ក្រុមឧទ្ទាម IS ។
ប្រតិបត្តិការ CTS រយៈពេល ៣ ខែគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធ IS ជ្រុលនិយមដែលបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើកម្លាំងសន្តិសុខ និងជនស៊ីវិលនៅក្នុងខេត្ត Sunni ដោយខេត្តនោះធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងដោយអតីតរដ្ឋអ៊ីស្លាម។ ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើការកម្ចាត់សមាជិកក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧។
យ៉ាងណាមិញ សមាជិក IS នៅសេសសល់តែបានបង្កប់ខ្លួននៅតាមទីប្រជុំជន ឬតំបន់វាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀតដោយធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខនិងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានXinhua ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១