អ្នកឃ្លាំមើលសង្គ្រាមឯករាជ្យក្នុងស្រុករាយការណ៍នៅថ្ងៃចន្ទថា មានការវាយប្រហារលើទីតាំងផ្សេងគ្នានៅយប់ថ្ងៃអាទិត្យ ទី០៤ ខែមេសាក្នុងប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យទាហានអាហ្វហ្គានីស្ថានចំនួន១៧នាក់ស្លាប់ និងចំនួន១១នាក់ផ្សេងទៀតរងរបួស។
ភ្នាក់ងារកាត់បន្ថយអំពើហឹង្សា (RiV)ផុសនៅលើបណ្តាញសង្គមធ្វីតធ័រថា នៅភាគខាងត្បូងខេត្ត Helmand មានទាហានចំនួន១១នាក់ស្លាប់ និងចំនួន១៣នាក់ផ្សេងទៀតត្រូវក្រុមសកម្មប្រយុទ្ធចាប់ខ្លួនក្រោយពីក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយប្រហារទៅលើជំរុំយោធាមួយនៅតាមបណ្តោយផ្លូវខេត្តក្នុងស្រុក Nahri Sarraj ។
តាមរយៈការដកស្រង់សម្តីពីប្រភពមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ប៉ូលិសចំនួន០២នាក់ស្លាប់ និងចំនួន០៨នាក់ផ្សេងទៀតរងរបួសនៅពេលដែលសកម្មប្រយុទ្ធតាលីបង់បំផ្ទុះរថយន្តយោធាមួយគ្រឿងនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងស្រុក Helmand។ យោងតាមប្រភព RiV បញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ទាហានចំនួន៤នាក់បាត់បង់ជីវិត និងចំនួន៣នាក់រងរបួស និងចំនួន៧នាក់ផ្សេងទៀតត្រូវក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធចាប់ខ្លួននៅក្នុងស្រុកShindand ភាគខាងលិចខេត្ត Herat។
សមាជិកសកម្មប្រយុទ្ធតាលីបង់ដែលធ្លាប់គ្រប់គ្រងក្នុងប្រទេសពីមុនមកត្រូវបានកម្លាំងសន្តិសុខបណ្តេញចេញនៅចុងឆ្នាំ២០០១ ហើយក្រោយមកពួកគេនៅតែបន្តធ្វើការបះបោរដោយសម្លាប់សមាជិកកងទ័ពរដ្ឋាភិបាលក៏ដូចជាជនស៊ីវិលជាច្រើននាក់។
សូមបញ្ជាក់ផងដែរថា សមាជិកសកម្មប្រយុទ្ធតាលីបង់វាយប្រហារលើការិយាល័យប្រចាំតំបន់ជំរុំយោធាការរបស់រដ្ឋាភិបាល និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ខណៈពេលដែលកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថានឆ្លើយតបទៅវិញដោយធ្វើការវាយប្រហារតាមអាកាសទៅលើក្រុមសកម្មប្រយុទ្ធគោលដៅនៅក្នុងទីជនបទ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១









