ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅតាមដងផ្លូកើតឡើងនៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ ក្នុងទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន សម្លាប់ជនស៊ីវិលចំនួន០២នាក់និងបណ្តាលឲ្យជនស៊ីវិលចំនួន០៥នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នោះក៏បានបណ្តាលឲ្យមន្ត្រីប៉ូលិសចំនួន៣នាក់រងរបួសផងដែរ។
ហេតុការណ៍បំផ្ទុះគ្រាប់បែកកើតឡើងនៅពេលគ្រាប់បែកច្នៃមួយត្រូវគេបំផ្ទុះតាមរយៈឧបករណ៍បញ្ចាក្នុងតំបន់ Police District 2 នៅវេលាម៉ោង៦និង០០នាទីព្រឹកម៉ោងក្នុង
ស្រុក។អ្នកដែលរងរបួសត្រូវគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ Jalalabad។ ប្រភពបន្ថែមថា ប៉ូលិសដែលបើកបរឡានប្រភេទភីគអាប់(pick-up)នៅតាមដងផ្លូវទំនងជាគោលដៅវាយប្រហារនោះ។
លោក Mansoor Shahghali មកពីមន្ទីរពេទ្យប្រចាំតំបន់ប្រាប់ភ្នាក់ងារព័ត៌មានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងនៅពេលដែលមានមនុស្សចំនួន៤នាក់ក្នុងចំណោមអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ យ៉ាងណាមិញ មន្ត្រីយោធាអាហ្វហ្គានីស្ថានតែងតែដាក់បន្ទុកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធតាលីបង់ឲ្យតែមានការវាយប្រហារស្រដៀងគ្នានេះ។
គួរបញ្ជាក់ផងដែរថា ខេត្តនេះគឺជាទីតាំងដែលរងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១