សមាជិក​ឧទ្ទាម IS ចំនួន ៦០នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​នៅ​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​និយាយ​នៅ​ថ្ងៃ​ពុធ ទី០៧ ខែមេសា​ថា ការវាយប្រហារ​តាម​អាកាស​លើ​តំបន់ភ្នំ​មួយ​ក្នុង​ខេត្ត Salahudin ភាគ​ខាងជើង​រដ្ឋធានី Baghdad នៃ​ប្រទេស​អ៊ីរ៉ាក់ សម្លាប់​សមាជិក​ឧទ្ទាម​អ៊ីស្លាម (IS) សរុប​ចំនួន៦០នាក់។

យន្ដហោះ​អ៊ីរ៉ាក់​ក្រោយពី​ទទួលបាន​ការគាំទ្រ​ពី​សេវាកម្ម​ប្រឆាំង​ភេរវកម្ម (CTS) បានធ្វើការ​វាយប្រហារ​តាម​អាកាស​ទៅលើ​ទីតាំង​លាក់ខ្លួន​របស់​សមាជិក​ឧទ្ទាម IS នៅ​ថ្ងៃទី២៥ ខែមីនា​ទៅលើ​ជួរ​ភ្នំ Himreen ដោយ​សម្លាប់​សមាជិក​ឧទ្ទាម IS ចំនួន ៦០នាក់។

លោក Rasoul មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី២៤ ខែមីនា​ថាកងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​គាំទ្រ​ដោយ​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​កម្លាំង​សហរដ្ឋអាមេរិកនិង​យន្តហោះ​អ៊ីរ៉ាក់​ចាប់ផ្តើម​ធ្វើការ​ប្រហារ​នៅ​ថ្ងៃទី៩ ខែមីនា និង​បន្ត​ការវាយប្រហារ​នោះរយៈពេល១៤ថ្ងៃ​ទៅលើ​ជួរ​ភ្នំ Makhmour ក្នុង​ខេត្ត Ninevehភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ ប្រតិបត្តិការ​នោះ​បំផ្លាញ​ទីតាំង​របស់​ឧទ្ទាម​ISចំនួន១២០កន្លែង និង​សម្លាប់​សមាជិក​ឧទ្ទាម​ចំនួន២៧នាក់។

លោក Rasoul បន្ថែមថា ការវាយលុក​នៅក្នុង​ខែមីនា បង្ខំ​ឲ្យ​សមាជិក​ឧទ្ទាម IS រត់​ភៀសខ្លួន​ទៅ​លាក់ខ្លួន​នៅ​តំបន់ភ្នំ Himreen ក្នុង​ខេត្ត Salahudin។ លើសពីនេះ ភ្នំ​និង​តំបន់​រឹងមាំ​ផ្សេងទៀត​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​បា​កដាដ(Bakhdad)មាន​កំណើន​សកម្មភាព​យ៉ាងខ្លាំង​ក្លា​របស់​សមាជិក​ឧទ្ទាម IS នៅ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ បើទោះបី​ជាមាន​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​យោធា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​តាម​ប្រមាញ់​ពួកគេ​ក៏ដោយ។

គួរ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​វិញ​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កម្ចាត់​សមាជិក​ឧទ្ទាម​ISនៅ​ទូទាំងប្រទេស​ចុងឆ្នាំ២០១៧ ។

យ៉ាងណាមិញ សមាជិក​ឧទ្ទាម IS ដែល​នៅ​សេសសល់​បាន​បង្កប់ខ្លួន​នៅតាម​ទីប្រជុំជន ឬ​តំបន់​វាល​ខ្សាច់ និង​តំបន់​រឹងមាំ​ផ្សេងទៀត​ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here