ក្រុមសកម្មប្រយុទ្ធ Houthi នៅក្នុងប្រទេសយេម៉ែននិយាយថា ពួកគេបើកការវាយប្រហារនៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ដោយប្រើយន្តហោះដ្រូន(drone) ឆ្ពោះទៅអាកាសយានដ្ឋាន Jazan ស្ថិតនៅភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធHouthi លោក Yehya Sarea ផុសលើបណ្តាញសង្គម Twitterថា៖“ការវាយប្រហារកំណត់គោលដៅទៅលើយន្តហោះចម្បាំងយោធានៅក្នុងអាកាសយានដ្ឋាន” ។
ជាមួយគ្នានេះដែរទូរទស្សន៍ Alarabiya TV ចុះផ្សាយថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនបញ្ជាដោយក្រុមសកម្មប្រយុទ្ធ Houthi ដែលមានផ្ទុកគ្រឿងផ្ទុះឆ្ពោះទៅកាន់អាកាសយានដ្ឋាន Jazan។ នេះគឺជាការប៉ុនប៉ងវាយប្រហារលើកទី២ ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ Houthis ប្រឆាំងនឹងប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅក្នុងរយៈពេលតិចជាង២៤ម៉ោង ក្រោយពីកងកម្លាំងចម្រុះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនមួយគ្រឿងបញ្ជាដោយក្រុមសកម្មប្រយុទ្ធ Houthi ឆ្ពោះទៅទីក្រុង Khamis Mushait ភាគនិរតីរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធ Houthis បង្កើនការវាយប្រហារមីស៊ីលឆ្លងទ្វីបនិងបញ្ជាយន្តហោះដ្រូនប្រឆាំងនឹងទីក្រុងព្រំដែនរបស់អារ៉ាប់ប៊ីសាអូឌីត។ យ៉ាងណាមិញ ការវាយប្រហារភាគច្រើនត្រូវកងកម្លាំងក្រុមចម្រុះបំផ្លាញ។
ប្រទសយេម៉ែនធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមសកម្មប្រយុទ្ធ Houthi ដែលទទួលបានការគាំទ្រពីប្រទសអ៊ីរ៉ង់ដណ្តើមកាន់កាប់ខេត្តជាច្រើននៅភាគខាងជើងនៃប្រទេសយេម៉ែននិងបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអន្តរជាតិលោកប្រធានាធិបតី Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ។
គួរបញ្ជាក់ផងដែរថា កងកម្លាំងចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍លើជម្លោះនៅក្នុងប្រទេសយេម៉ែននៅខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាល Hadi៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១