មន្រ្តីជាន់ខ្ពស់បានប្រាប់រ៉យទ័រនៅថ្ងៃច័ន្ទនេះថា ប៉ូលិសរដ្ឋតិចសាស់នឹងបន្តស្វែងរកនូវទិន្នន័យពីគ្រោះថ្នាក់ចរាចរណ៍នៅលើរថយន្ត Tesla នៅថ្ងៃអង្គារ ទី២០ ខែមេសានេះដែលបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។លោក Mark Herman នៅតំបន់ Harris County Constable Precinct 4 បាននិយាយថាភ័ស្តុតាងរាប់បញ្ចូលទាំងសេចក្តីថ្លែងការណ៍របស់សាក្សីបានបង្ហាញយ៉ាងច្បាស់ថា មិនមាននរណាម្នាក់នៅក្នុងកៅអីអ្នកបើកបររថយន្តម៉ូដែល Model S នោះទេនៅពេលដែលរថយន្តនេះបុកដើមឈើដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។
លោក Musk នៅរសៀលថ្ងៃច័ន្ទនេះបង្ហោះថា កំណត់ហេតុទិន្នន័យ (Logs) ដែលត្រូវបានរកឃើញដោយក្រុមហ៊ុនរហូតមកដល់ពេលនេះគឺមិនមានការប្រើប្រាស់ប្រព័ន្ធ Autopilot នោះទេ។ លោក Herman បានប្រាប់រ៉យទ័រថា យើងនឹងរង់ចាំទិន្នន័យនោះយ៉ាងអន្ទះសា។
នេះគឺជាគ្រោះថ្នាក់ទី ២៨ របស់ក្រុមហ៊ុន Telsa ដែលត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) ដែលគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នោះ។ វាក៏កំពុងត្រូវបានស៊ើបអង្កេតដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ដែលបានដកក្រុមហ៊ុន Tesla ជាភាគីនៃការស៊ើបអង្កេតចំពោះគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០១៨ បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើសេចក្តីលម្អិតអំពីការស៊ើបអង្កេតដោយគ្មានការអនុញ្ញាតនោះ។
គួរបញ្ជាក់ផងដែរថាប្រព័ន្ធAutopilot របស់ក្រុមហ៊ុន Tesla គឺជាប្រព័ន្ធជំនួយអ្នកបើកបរដែលគ្រប់គ្រងភារកិច្ចបើកបរ និងអនុញ្ញាតឱ្យអ្នកបើកបរដកដៃចេញពីដៃចង្កូតនៅពេលខ្លះបាន។ NHTSA បានប្រាប់រ៉យទ័រកាលពីខែមុនថាខ្លួនបានបើកការស៊ើបអង្កេតពិសេសចំនួន ២៧ ករណីទៅនឹងគ្រោះថ្នាក់នៃរថយន្ត Tesla ដែលក្នុងនោះ ២៣ គ្រឿងគឺផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់មុខងារ Autopilot ៕