ប្រធានផ្នែកផែនការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិតៃវ៉ាន់ប្រាប់សមាជិកសភាថារដ្ឋាភិបាលកំពុងព្យាយាមស្វែងរកទិញមីស៊ីលលើអាកាសពីសហរដ្ឋអាមេរិក ដែលម៉ីសីលនោះអាចបាញ់បានចម្ងាយ៩២៥ គីឡូម៉ែត្រដើម្បីបង្កើនប្រព័ន្ធការពារលើអាកាសរបស់កោះតៃវ៉ាន់។
នៅពេលគេសួរអំពីអាវុធដែលកោះតៃវ៉ាន់ចង់ទិញនោះ លោក Lee Shih-chiang ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែមេសានេះថា កោះតៃវ៉ាន់ចង់ទិញមីស៊ីល LockMed Martin AGM-158 ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនពុំទាន់បានចុះហត្ថលេខានៅឡើយ។ លោក Lee មានប្រសាសន៍ថា៖ “ យើងកំពុងស្ថិតនៅក្នុងដំណើរការស្វែងរកទិញនៅឡើយ ហើយបណ្តាញទំនាក់ទំនងរបស់យើងគឺមានសភាពរលូន និងធម្មតា”
Lockheed Martin AGM-158 ជាកាំជ្រួចមីស៊ីលបាញ់ផ្លោងលើអាកាស និងជាម៉ូដែលទំនើបទាន់សម័យ ហើយថែមទាំងអាចបាញ់បានចម្ងាយជិត១០០០គីឡូម៉ែត្រ (៦២១ ម៉ាយល៍) ។ មីស៊ីលនេះនឹងជួយបន្ថែមកម្លាំងដល់យន្តហោះតៃវ៉ាន់នៅលើសមុទ្រចិនខាងត្បូងនូវសមត្ថភាពវាយប្រហារទៅកាន់គោលដៅឆ្ងាយៗនៅក្នុងប្រទេសចិន។
កាំជ្រួចមីស៊ីលដោយក្បាលរបស់វាមានពាសដែកអាចត្រូវបានដាក់បញ្ចូលទៅក្នុងទ្រព្យសម្បត្តិយន្តហោះផ្សេង និងមានតម្លៃក្នុងមួយឯកតាប្រហែលមួយលានដុល្លារ។ មីស៊ីលនេះវាមានសមត្ថភាពរហ័សអាចមិនឲ្យគេរកឃើញងាយ និងអាចធ្វើដំណើរក្នុងល្បឿនលឿន។ បច្ចុប្បន្ន មីស៊ីលនេះត្រូវកងទ័ពអាកាសអាមេរិក អូស្ត្រាលី និងប៉ូឡូញកំពុងប្រើប្រាស់។
នៅសប្តាហ៍មុន ប្រធានាធិបតី Tsai Ing-wen ប្រាប់គណៈប្រតិភូក្រៅផ្លូវការដែលអញ្ចើញមកពីទីក្រុងវ៉ាស៊ីនតោនមកកាន់កោញះតៃវ៉ាន់ថា លោកមានឆន្ទៈខ្ពស់ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាដើម្បីរារាំងប្រទេសចិនដែលបានបញ្ជូនយន្តហោះជាច្រើនគ្រឿងឲ្យហោះហើរនៅលើដែនដីកោះនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។
សូមបញ្ជាក់ថា ប្រទេសចិចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួន និងស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ចំណែកឯសហរដ្ឋអាមេរិកវិញវិញបានខិតខំស្វះស្វែងយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេជាមួយកោះតៃវ៉ាន់តាមរយៈកិច្ចព្រមព្រៀងអាវុធ និងតាម
រយៈការបញ្ជូននាវាយោធាទៅកាន់ច្រកសមុទ្រតៃវ៉ាន់។សហរដ្ឋអាមេរិកថែមទាំងបានបញ្ជូនអតីតសមាជិកព្រឹទ្ធសភាទៅជួបមេដឹកនាំនៅលើកោះតៃវ៉ាន់។ សកម្មភាពទាំងអស់នេះបណ្តាលឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា ជាការបំពានលើគោលការណ៍ចិនតែមួយ(One China principle)៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានRTចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១