សេតវិមានបាននិយាយថា ទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំរុស្ស៊ីលោកVladimir Putinបានពិភាក្សាគ្នាកាលពីថ្ងៃច័ន្ទទី ១៩ ខែមេសានេះអំពីលទ្ធភាពនៃកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរចំពេលមានទំនាក់ទំនងទ្វេភាគីដែលមានភាពតានតឹងនោះ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសរុស្ស៊ី និងបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០ នាក់នោះទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden លោក Jake Sullivan បាននិយាយតាមទូរស័ព្ទជាមួយលោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី។
ពួកគេបានពិភាក្សាពីបញ្ហាទ្វេភាគីដែលមិនបានបញ្ជាក់ច្បាស់លាស់ ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោកដែលមានការព្រួយបារម្ភ។ ពួកគេក៏បាននិយាយអំពីទស្សនវិស័យនៃកិច្ចប្រជុំកំពូលប្រធានាធិបតីរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដោយយល់ព្រមរក្សាទំនាក់ទំនងនេះ ។
កាលពីថ្ងៃទី ១៥ ខែមេសា រដ្ឋបាលលោកBiden បានដាក់ទណ្ឌកម្មថ្មីដល់ប្រទេសរុស្ស៊ី និងបណ្តេញអ្នកការទូតដោយលើកឡើងពីការជ្រៀតជ្រែករបស់ប្រទេសនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ និងធ្វើជាមេក្លោងប្រតិបត្តិការហេគ Solar Winds ដែលត្រូវបានរកឃើញនៅក្នុងខែធ្នូដែលបានធ្វើឱ្យប៉ះពាល់ដល់បណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិស័យឯកជនរាប់ពាន់បណ្តាញ៕
សម្រួល៖ សុផា