ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel កាលពីថ្ងៃអង្គារ ទី២០ ខែមេសាបានប្រកាសពីវិបត្តិនយោបាយនៅប្រទេសហ្សកហ្ស៊ីត្រូវបានដោះស្រាយ ប៉ុន្តែក្រុមប្រឆាំងបានអំពាវនាវឱ្យមានការធ្វើបាតុកម្មថ្មី ហើយអតីតប្រធានាធិបតីម្នាក់បានប្រកាសពីការវិលត្រឡប់របស់គាត់ពីការនិរទេសដើម្បីបណ្តេញគណបក្សកាន់អំណាចផងដែរ។
ប្រទេសហ្សកហ្ស៊ីដែលជាអតីតប្រទេសសូវៀតនៅក្នុង Caucasus ដែលមានសេចក្តីប្រាថ្នាចូលរួមជាមួយសហភាពអឺរ៉ុប និងណាតូ។ ប្រទេសនេះត្រូវបានជាប់គាំងចាប់តាំងពីការបោះឆ្នោតជ្រើសរើសសភាដែលមានជម្លោះកាលពីខែតុលានេះ។
ក្រុមប្រឆាំងបានចោទប្រកាន់គណបក្សកាន់អំណាចថាបានលួចបន្លំសន្លឹកឆ្នោត ហើយបានបដិសេធមិនទទួលយកអាសនៈរបស់ពួកគេនៅក្នុងសភាដែលបង្កើតឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង។ បន្ថែមពីនេះទៀតនោះ ឥស្សរជនលេចធ្លោជាងគេរបស់បក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយនាយករដ្ឋមន្ត្រីក៏លាឈប់ពីតំណែងផងដែរ។ កិច្ចប្រឹងប្រែងការទូតរបស់លោក Michel ដើម្បីដោះស្រាយវិបត្តិបាននាំមកនូវកិច្ចព្រមព្រៀងកាលពីថ្ងៃចន្ទរវាងគណបក្សសុបិនហ្សកហ្ស៊ី (Georgian Dream ) ដែលកំពុងកាន់អំណាច និងក្រុមប្រឆាំង។
លោក Michel បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Tbilisi ថា“ វិបត្តិនយោបាយបានបញ្ចប់ ហើយការចូលរួមនយោបាយដែលមានលក្ខណៈស្ថាបនាចាំបាច់ត្រូវតែមាននិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងចាប់ផ្តើមនៅថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះបង្ហាញនូវមូលដ្ឋានរឹងមាំសម្រាប់ការកែទម្រង់។ ការបោះឆ្នោតកែទម្រង់យុត្តិធម៌និងការបង្រួបបង្រួមនីតិរដ្ឋនៅតែជាអាទិភាពចំបងនៅក្នុងទំនាក់ទំនងអឺរ៉ុប- ហ្សកហ្ស៊ី”៕
សម្រួល៖ សុផា