កម្លាំងអាហ្វហ្គានីស្ថានវាយប្រហារតាមអាកាសនៅថ្ងៃអង្គារ ទី២០ ខែមេសា លើទីតាំង និងកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅភាគខាងត្បូងខេត្ត Kandahar ដោយបានសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន១៥នាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា សមាជិកក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ចំនួន០៥នាក់ផ្សេងទៀតរងរបួសនៅតំបន់មួយក្នុងស្រុក Panjwayi ។
សេចក្តីថ្លែងការណ៍បន្ថែមឲ្យដឹងថា កងកម្លាំងមូលដ្ឋានគាំទ្រដោយយន្តហោះប្រយុទ្ធនឹងបន្តធ្វើការវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់សមាជិកសកម្មប្រយុទ្ធនៅទីតាំងផ្សេងៗទៀតនៅក្នុងតំបន់ Kandahar និងតំបន់ក្បែរៗនោះ។ ប្រភពដដែលបានអះអាងថា កងកម្លាំងថែមទាំងបានរកឃើញគ្រាប់មីនប្រឆាំងយានយន្ត និងប្រឆាំងមនុស្សសរុបចំនួន ៣១០គ្រាប់នៅក្នុងតំបន់ Panjwayi និងសង្កាត់ Arghandab ដែលគ្រាប់ទាំងនោះត្រូវសមាជិកសកម្មប្រយុទ្ធទុកចោល។
ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១