ប្រភពមន្ទីពេទ្យបានឲ្យដឹងថា មនុស្សចំនួន ០៣នាក់ស្លាប់ និងចំនួន ១១នាក់ផ្សេងទៀតរងរបួសនៅក្នុងករណីផ្ទុះគ្រាប់បែកក្នុងចំណតសណ្ឋាគារ Serena នៅខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ ហេតុការណ៍នោះកើតឡើងនៅយប់ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២។
អ្នកនាំពាក្យមន្ទីរពេទ្យស៊ីវិលប្រាប់ភ្នាក់ងារព័ត៌មានស៊ីនហួថា អ្នករងរបួសចំនួន ០២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គស្នងការប៉ូលិសនៅខេត្ត Balochistan លោក Muhammad Tahir Rai ប្រាប់បណ្តាញសារព័ត៌មានថា គ្រឿងផ្ទុះនោះត្រូវបានបង្កប់នៅខាងក្នុងរថយន្ត ហើយក្រោយកើតហេតុទីតាំងនោះត្រូវនាយកដ្ឋានប្រឆាំងភេរវកម្មបិទដើម្បីរឹតត្បិតមិនឲ្យប្រព័ន្ធផ្សព្វផ្សាយទៅដល់។
ក្រុមកម្ចាត់គ្រាប់បែកបានទៅដល់ទីតាំងផ្ទុះដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀតចំពោះឧប្បត្តិហេតុនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sheikh Rasheed Ahmad ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជនរងគ្រោះដែលរងរបួស និងមន្ត្រីប៉ូលិស ត្រូវបានបញ្ចូនឲ្យទៅតាំងមានសុវត្ថិភាពនៅក្នុងសណ្ឋាគារ។
ប្រភពព័ត៌មានពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Quetta ប្រាប់ភ្នាក់ងារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌអនាមិកថា វាគឺជាហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយដែលលឺរំពងទៅចម្ងាយជាច្រើនគីឡូម៉ែត្រ។ ប្រភពដដែលអះអាងថា ក្រោយពីគ្រាប់បែកបានផ្ទុះ អគ្គិភ័យឆាបឆេះរថយន្តយ៉ាងខ្លាំង ហើយកញ្ចក់បង្អួចរបស់សណ្ឋាគារ និងអគារនៅក្បែរទីតាំងនោះក៏បានផ្ទុះឡើងផងដែរ។
ពុំទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua| ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១