យោធាអ៊ីរ៉ាក់និយាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសាថា គ្រាប់រ៉ុក្កែត Katyusha ចំនួន៣ គ្រាប់បានធ្លាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Baghdad ដោយពុំបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកើតឡើងនៅពាក់កណ្តាលអធ្រាត្រដោយគ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ធ្លាក់ក្នុងព្រលានយន្តហោះនៅភាគនិរតីនៃទីក្រុងបាកដាដ (Baghdad)។
គ្រាប់រ៉ុក្កែតមួយក្នុងចំណោមគ្រាប់រ៉ុក្កែតចំនួន០៣គ្រាប់បានធ្លាក់នៅជិតពន្ធនាគារ Abu Ghraib និងគ្រាប់ទី២ ធ្លាក់នៅលើតំបន់អង្គភាពប្រឆាំងភេរវកម្ម ហើយចំណែកឯគ្រាប់ទី៣ បានធ្លាក់នៅជិតមូលដ្ឋានយោធាអ៊ីរ៉ាក់។ ប្រភពសេចក្តីថ្លែងការណ៍បន្ថែមឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទះឃើញគ្រាប់រ៉ុក្កែតមួយគ្រាប់នៅនៅលើដំបូលផ្ទះដែលគេបោះបង់ចោលមួយកន្លែងនៅក្នុងសង្កាត់ al-Jihad ក្បែរអាកាសយានដ្ឋាន ហើយកងកម្លាំងបានដោះក្បាលគ្រាប់រ៉ុក្កែតមិនទាន់ផ្ទុះចំនួន៥គ្រាប់ពីឧបករណ៍បាញ់។
រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
គួរបញ្ជាក់ផងដែរថា មូលដ្ឋានយោធាអ៊ីរ៉ាក់ដែលជាទីបញ្ជាការកងទ័ពអាមេរិកបានតាំងនៅពាសពេញប្រទេសអ៊ីរ៉ាក់ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងតំបន់បៃតងរងការវាយប្រហារជាញឹកញាប់ពីកាំភ្លើងធំ និងគ្រាប់រ៉ុក្កែត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១