នីហ្សេរីយ៉ា៖ ប៉ូលិស ០៩នាក់ និងសមាជិក ០២នាក់របស់ក្រុមការពារជនស៊ីវិលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមខ្មាន់កាំភ្លើងនៅក្នុងរដ្ឋ Kebbi ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា។
អ្នកនាំពាក្យប៉ូលិស លោក Abubakar នៅថ្ងៃចន្ទ ទី២៦ ខែមសា ប្រាប់ក្រុមអ្នកយកព័ត៌មាននៅរាជធានី Birnin Kebbiថា “ឧប្បត្តិហេតុនេះកើតឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែមេសា បន្ទាប់ពីខ្មាន់កាំភ្លើងពុំស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើការវាយប្រហារក្នុងភូមិជាច្រើននៅតំបន់ Sakaba”។
លោក Abubakar បញ្ចាក់ឲ្យដឹងថា ប៉ូលិសចំនួន ០៩នាក់ និងសមាជិកជំនួយផ្នែកការពារប្រជាជនចំនួន ០២នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលដែលពួកគេបាញ់កាំភ្លើងតបតជាមួយនឹងក្រុមខ្មាន់កាំភ្លើង ក្រោយពីមានការអំពាវនាវរបស់អ្នកស្រុកដល់សមត្ថកិច្ចឲ្យធ្វើការបង្ក្រាបលើការវាយប្រហាររបស់ខ្មាន់កាំភ្លើង។
គួរបញ្ជាក់ផងដែរថា នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការវាយប្រហារពីក្រុមខ្មាន់កាំភ្លើងកើតឡើងជាញឹកញាប់នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១