អ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភាថា កងកម្លាំងកុម្ម៉ង់ដូប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានសម្លាប់មេដឹកនាំរបស់ក្រុមអ៊ីស្លាមជ្រុលនិយម (IS) នៅជិតរដ្ឋធានីបាកដាដ (Baghdad) ក្នុងប្រទេសអ៊ីរ៉ាក់។
លោក Yahia Rasoul អ្នកនាំពាក្យនៃអគ្គមេបញ្ជាការកងកម្លាំងអ៊ីរ៉ាក់លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំង CTS ធ្វើប្រតិបត្តិការវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមឧទ្ទាម IS នៅតំបន់ al-Radwaniyah ភាគនិរតីនៃទីក្រុងបាកដាដ ដោយសម្លាប់មេដឹកនាំឧទ្ទាម IS ក្នុងតំបន់ចំនួន ០៣នាក់។
លោក Rasoul មានប្រសាសន៍ថា មេដឹកនាំឧទ្ទាម IS ទាំងនោះធ្លាប់ចូលរួមបំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃទី២១ ខែមករាដើមឆ្នាំនេះនៅផ្សារលក់សម្លៀកបំពាក់ជជុះក្នុងតំបន់ Bab al-Sharji នៃទីក្រុងបាកដាដ(Baghdad)។ ហេតុការណ៍នោះសម្លាប់មនុស្សចំនួន ៣២នាក់ និងបណ្តាលឲ្យមនុស្សចំនួន ១១៦នាក់ផ្សេងទៀតរងរបួស។
លោក Rasoul បន្ថែមឲ្យដឹងទៀតថា កងកម្លាំងកុម្ម៉ង់ដូថែំទាំងបានវាយឆ្មក់ចូលទៅកន្លែងលាក់ខ្លួនរបស់សមាជិក IS នៅភាគខាងត្បូងនៃទីក្រុងបាកដាដ(Baghdad) និងចាប់បានមេដឹកនាំឧទ្ទាម IS ក្នុងស្រុកចំនួន ០១នាក់ផ្សេងទៀត។ លោកអះអាងដោយផ្អែកលើព័ត៌មានដកស្រង់ចេញពីអ្នកជាប់ឃុំថា កងទ័ពបានកម្ទេចទីតាំងលាក់ខ្លួនរបស់ក្រុមឧទ្ទាម IS និងរឹបអូសយកឃ្លាំងសម្ងាត់ផ្ទុកអាវុធនៅក្នុងតំបន់ al-Yousifiyah ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការកម្ចាត់សមាជិកក្រុមសកម្មប្រយុទ្ធISទូទាំងប្រទេសនៅចុងឆ្នាំ២០១។ ទោះយ៉ាងណាក៏ដោយ ការវាយប្រហារសម្លាប់មនុស្សនៅតែកើតមានជាញឹកញាប់នៅក្នុងប្រទេសដែលកំពុងរងការបំផ្លាញដោយសង្គ្រាមមួយនេះ ខណៈសមាជិកឧទ្ទាម IS ដែលនៅសេសសល់បានធ្វើការវាយលុកចូលតំបន់ទីក្រុង ឬតំបន់នានានៅតាមព្រំប្រទល់ និងវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១