ប៉ូលិស៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅភាគខាងត្បូងប្រទេសអេត្យូពី

0

ហេតុការណ៍វាយប្រហារប្រដាប់អាវុធមួយនៅភាគខាងត្បូងប្រទេសអេត្យូពី បណ្តាលឲ្យមន្រ្តីប៉ូលិសចំនួន ០៩នាក់ស្លាប់ នេះបើយោងតាមប្រភពមន្ត្រីអេត្យូពីប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ។

យោងតាមការថ្លែងទៅកាន់សារព័ត៌មានរដ្ឋ លោកដាវីត ធីម៉ូទីវ័ស ប្រធានមន្ទីរសន្តិភាព និងសន្តិសុខតំបន់បេន ស្ហេកូ( Bench-Sheko)នៅភាគខាងត្បូងនៃប្រទេស មានប្រសាសន៍ថា ការវាយប្រហារប្រដាប់អាវុធនៅក្នុងតំបន់ស្ហេកូបណ្តាលឲ្យប៉ូលិសចំនួន០៩នាក់ស្លាប់។ លោកបន្ថែមថា ប៉ូលិសចំនួន០៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារ។

យ៉ាងណាមិញ ប្រធានមន្ទីរសន្តិភាព និងសន្តិសុខតំបន់បេន ស្ហេកូ មិនបានបង្ហាញពីអត្តសញ្ញាណណាមួយរបស់អ្នកវាយប្រហារ និងទីតាំងលាក់ខ្លួនបច្ចុប្បន្នរបស់ពួកគេនោះទេ។ លើសពីនេះ លោកក៏ពុំបានបង្ហាញពីមូលហេតុដែលនាំឲ្យមានការវាយប្រហារនោះទេ។

គួរបញ្ជាក់ផងដែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សារវាងសមាជិកក្រុមជនជាតិភាគតិចផ្សេងៗគ្នានៅភាគខាងត្បូងប្រទេស បានបណ្តាលឱ្យមនុស្សចំនួនរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតផ្លាស់ទីលំនៅ។ ការប៉ះទង្គិចគ្នាភាគច្រើនកើតឡើងដោយសារតែការដណ្តើមអំណាច និងដីធ្លី៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here