ប្រទេសអាហ្វហ្គានីស្ថាន៖យ៉ាងហោចណាស់ សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ១២នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធ នៅពេលដែលកងទ័ពអាកាសអាហ្វហ្គានីស្ថានវាយប្រហារកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ដែលបានលាក់ខ្លួននៅភាគខាងកើតខេត្តឡាម៉េន (Laghman) នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីយោធា។
ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងនៅតំបន់សាឡូ(Salo)ក្នុងខេត្តអាលីស្ហីង(Ali Shing)នៅពេលថ្ងៃត្រង់។ លើសពីនេះ អាវុធមួយចំនួនរបស់ក្រុមតាលីបង់ក៏ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនោះផងដែរ។ នេះបើយោងតាមប្រភពកងកម្លាំងយោធា Selab 201 ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
គួរបញ្ជាក់ផងដែរថា ខេត្តអាលីស្ហីងក្លាយជាទីតាំងដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
កុបកម្មដឹកនាំដោយក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមបះបោរមានសន្ទុះខ្លាំងនៅនិទាឃរដូវនិងរដូវក្តៅ ដែលគេស្គាល់ថា ជារដូវកាលប្រយុទ្ធក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍នេះនោះទេ៕
ប្រែសម្រួល៖បោក លក្ខិណា
ប្រភព Xinhua| ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១