ប្រទេសសូម៉ាលី៖មនុស្សចំនួន ១០នាក់ រួមទាំងទាហានជាច្រើននាក់ទៀតស្លាប់ និងមនុស្ស ១៥នាក់ផ្សេងទៀតរងរបួស នៅថ្ងៃពុធក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធ និងកម្លាំងយោធាមកពីរដ្ឋហឺស្ហាប៊ែល (Hirshabelle) ភាគកណ្តាលប្រទេសសូម៉ាលី។
លោក អាមេដ មៀរ ម៉ាក្រេន (Ahmed Meyre Makaran) អភិបាលរដ្ឋហឺស្ហាប៊ែល មានប្រសាសន៍ថា ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារក្នុងទីក្រុងចូហា (Jowhar) ដែលជាទីក្រុងរបស់រដ្ឋហឺស្ហាប៊ែល ដោយមានគោលបំណងដោះលែងសមាជិកក្រុមសកម្មប្រយុទ្ធដែលត្រូវបានចាប់ឃុំខ្លួនពីបទប្លន់។
លោកម៉ា ក្រេន មានប្រសាសន៍ថា ក្នុងចំណោមអ្នករងរបួសក៏មានបុគ្គលិកសន្តិសុខជាន់ខ្ពស់ និងសមាជិកក្រុមសកម្មប្រយុទ្ធផងដែរ។ លោកមានប្រសាសន៍ថា៖ “ស្ថានភាពថ្ងៃនេះមានភាពវឹកវរក្រោយពីក្រុមសកម្មប្រយុទ្ធធ្វើការវាយប្រហារបណ្តាលឲ្យមានការរងរបួសទាំងសងខាង”។
លោកក្រេនបន្ថែមឲ្យដឹងផងដែរថា ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប (al-Shabab) បានវាយប្រហារបំផ្ទុះគ្រាប់បែកតាមដងផ្លូវសំដៅលើរថយន្តរបស់លោកនៅថ្ងៃពុធ ក្នុងសង្កាត់មួយផ្សេងទៀតក្នុងទីក្រុងចូហា៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១