ឧទ្ទាម IS ចំនួន៤នាក់ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖សកម្មប្រយុទ្ធចំនួន០៤នាក់នៃក្រុមឧទ្ទាមISត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ ក្នុងប្រត្តិការវាយប្រហារតាមអាកាសមួយនៅភាគខាងកើតខេត្តឌីយ៉ាឡា (Diyala) នេះបើយោងតាមសម្តីរបស់ប៉ូលិស។

យោងតាមរបាយការណ៍ស៊ើបអង្កេតបង្ហាញថា កងកម្លាំងកុម្ម៉ង់ដូបានអនុវត្តប្រតិបត្តិវាយប្រហារតាមការអាកាសទៅលើទីតាំងលាក់ខ្លួនរបស់ក្រុម IS នៅជួរភ្នំហេមរ៉ីន (Himreen) នៅភាគខាងជើងនៃខេត្ត ដោយបានបំផ្លាញជម្រក និងសម្លាប់សមាជិកឧទ្ទាមចំនួន ០៤នាក់ ដោយមានទាំងមេឧទ្ទាមក្នុងតំបន់ នេះបើតាមប្រភពលោកអាល់ ឡាអាល់ សាឌី (Allaa al-Saadi ) ប៉ូលិសខេត្តប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មាន។

បើទោះបីជាមានប្រតិបត្តិការយោធាម្តងហើយម្តងទៀតនៅក្នុងខេត្តឌីយ៉ាឡាក៏ដោយ សមាជិកឧទ្ទាម IS ដែលនៅសេសសល់បន្តលាក់ខ្លួននៅជិតព្រំដែន និងតំបន់ធំៗដែលពិបាកធ្វើដំណើរលាតសន្ធឹងពីភាគខាងលិចខេត្តទៅដល់ជួរភ្នំហេមរ៉ីននៅភាគខាងជើងខេត្តបានបាគូបា (Baquba) ដែលមានចម្ងាយប្រហែល៦៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុងបាកដាដ (Baghdad)។

ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងច្រើនចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧។

ទោះបីជាយ៉ាងនេះក្តី សមាជិកឧទ្ទាម IS ដែលនៅសេសសល់បន្តលាក់ខ្លួននៅតំបន់ដាច់ស្រយាល ឬតំបន់វាលខ្សាច់ដោយធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល។

LEAVE A REPLY

Please enter your comment!
Please enter your name here