ការប្រយុទ្ធគ្នារវាង​កម្លាំង​អ៊ីស្រាអែល ​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​បណ្តាល​ឱ្យ​ខូច​ខាត​ដល់​អាជីវកម្ម​គិត​ជា​ប្រាក់ ៣៧០​លាន​ដុល្លារ

0

ប្រទេសអ៊ីស្រាអែល៖ ហេតុការណ៍ប្រយុទ្ធគ្នាថ្មីៗរវាងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បានបង្កការខូចខាតជាទឹកប្រាក់ចំនួន ៣៧០លានដុល្លារអាមេរិកទៅលើអាជីវកម្មក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមសមាគមរោងចក្រអ៊ីស្រាអែល (MAI) និយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ។

ប្រភព MAI បង្ហាញឲ្យដឹងថា ការខូចខាតយ៉ាងធ្ងន់ធ្ងរពីការប្រយុទ្ធគ្នាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែឧសភា គឺជាមូលហេតុចម្បងបណ្តាលឲ្យអវត្តមានកម្មករនៅក្នុងក្រុមហ៊ុនឧស្សាហកម្មជាច្រើន ដែលកត្តានោះនាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៅក្នុងទិន្នផលនៃការលក់ចេញ និងការរកប្រាក់ចំណូល។

នយោជិកប្រមាណជាចំនួន ៣៥ភាគរយនៅតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល កន្លែងដែលរងការវាយប្រហារពីគ្រាប់រ៉ុក្កែតជាច្រើនចេញពីតំបន់ហ្គាហ្សាស្ទ្រីប មិនបានទៅធ្វើការអំឡុងពេលមានការប្រយុទ្ធគ្នានោះទេ។

សមាគម MAI បញ្ជាក់ថា ចំនួនទឹកប្រាក់សរុបនេះមិនទាន់បូកបញ្ចូលទាំងការខូចខាតដោយប្រយោលដូចជា ការខូចខាតកេរ្តិ៍ឈ្មោះទៅកាន់បរទេស ការលុបចោលកិច្ចព្រមព្រៀងនានា និងការមិនអនុលោមតាមបទឈប់បាញ់ជាដើម។ លើសពីនេះ ក្រុមហ៊ុនឧស្សាហកម្មចំនួន៥០ក្រុមហ៊ុនបានរងផលប៉ះពាល់ដោយផ្ទាល់ពីការវាយប្រហារគ្រាប់រ៉ុក្កែត ដែលបណ្តាលឲ្យមានការខាតបង់ថវិការចំនួនរាប់លានដុល្លារ។

ក្រោយពីមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន គណៈកម្មាធិការហិរញ្ញវត្ថុនៃសភាអ៊ីស្រាអែលនឹងពិភាក្សាគ្នានៅថ្ងៃអង្គារនេះ លើការបង្កើតយន្តការសំណងទៅដល់ក្រុមហ៊ុន និងនិយោជិកទាំងអស់ដែលរងផលប៉ះពាល់៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here