ប្រទេសអាហ្វហ្គានីស្ថាន៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានស្រុកចំនួន០៣មកកាន់កាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងពេលនៃការកេីនឡេីងក្រុមសកម្មប្រយុទ្ធ និងអ្នកប្រឆាំងក្រុមសកម្មប្រយុទ្ធក្នុងសង្គ្រាមហែកហួរប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។
នៅក្នុងការប៉ុនប៉ងចុងក្រោយដើម្បីដណ្តើមការកាន់កាប់ទឹកដី ក្រុមសកម្មប្រយុទ្ធតាលីបង់ ត្រួតត្រាក្នុងស្រុកចាលរ៉ីហ្ស ( Jalriz) នៅភាគខាងកើតខេត្តវ៉ាដដាក ( Wardak) និងស្រុកដាវឡេតស្ហាស់ ( Dawlat Shah) នៅក្នុងខេត្តឡេកម៉េន (Laghman) ។ ក្រុមសកម្មប្រយុទ្ធតាលីបង់ថែមទាំងដណ្តើមការកាន់កាប់ស្រុកបឺរការ (Burka) នៅភាគខាងជើងខេត្តបាកឡ៉េន( Baghlan) កាលពីដើមខែឧសភា ក្រោយពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ។ មន្ត្រីសន្តិសុខនិយាយថា កងកម្លាំងសន្តិសុខបានធ្វើការដកថយជាយុទ្ធសាស្ត្រចេញពីតំបន់ទាំងនោះ។
នៅក្នុងកិច្ចសន្ទនាជាមួយបណ្តាញសារព័ត៌មានក្នុងតំបន់នៅថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិលោករូហូឡាស់ អាម៉ាដចាយ (Rohullah Ahmadzai) បានបន្ទោសដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានប្រើប្រាស់ជនស៊ីវិលជាខែល និងបានដាំគ្រាប់មីននៅក្នុងតំបន់ ដើម្បីបន្ថយល្បឿនប្រតិបត្តិការសន្តិសុខ។
នៅការអនុវត្តដកថយយុទ្ធសាស្ត្រ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាម លោក អាម៉ាដចាយមានប្រសាសន៍ថា កងកម្លាំងសន្តិសុខមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តេញក្រុមសកម្មប្រយុទ្ធចេញពីតំបន់ទាំងនោះ ដោយលោកបញ្ជាក់ថា ការការពារជនស៊ីវិល និងការសម្អាតមីនត្រូវការពេលវេលា។
ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបង្កើនសកម្មភាពនៅភាគខាងកើតខេត្តឡេកម៉េន និងភាគខាងជើងខេត្តបាកឡ៉េន នៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ពួកគេមានគោលបំណងប្រមូលកម្លាំងនៅលើផ្លូវល្បឿនលឿនសំខាន់ៗ ដែលតភ្ជាប់ពីទីក្រុងកាប៊ុលទៅភាគខាងជើង និងភាគខាងកើតខេត្ត។
អគ្គមេបញ្ជាការនៃកងទ័ពលោកឧត្តមសេនីយ៍មូហាម៉ាដ យ៉ាស៊ីន ហ្សៀរ (Mohammad Yasin Zia) បានធ្វើដំណើរទស្សនកិច្ចទៅកាន់រាជធានីមេហថឺរឡេម (Mehterlam) ក្នុងខេត្តឡេកម៉េននៅថ្ងៃចន្ទដោយលោកមានប្រសាសន៍ថា ក្រុមសកម្មប្រយុទ្ធមានបំណងកាន់កាប់ទឹកដីត្រូវបានបង្ក្រាប ហើយស្ថានភាពសន្តិសុខនៅទីនោះមានភាពប្រសើរឡើង។
ក្រុមសកម្មប្រយុទ្ធច្រើនជាង៥០នាក់ត្រូវបានសម្លាប់ និងប្រហែលជាចំនួន ៦០នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតនៅទីក្រុងឡេកម៉េន នេះបើយោងតាមរអភិបាលខេត្តលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទ។
ប្រតិបត្តិការបោសសម្អាតនៅតែបន្តនៅភាគខាងជើងខេត្តបាកឡ៉េន ខណៈដែលអ្នកសកម្មប្រយុទ្ធប្រមាណជា ៣០នាក់ត្រូវបានសម្លាប់ និងរងរបួសកាលពីថ្ងៃសៅរ៍ នៅក្នុងខេត្តដែលនៅសល់ នេះបើយោងតាមការបញ្ជាក់ពីកងកម្លាំងនៅក្នុងសេចក្តីថែ្លងការណ៍។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានបង្កើនសកម្មភាពជាច្រើនចាប់តាំងពីកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី១ ខែឧសភា។
យ៉ាងណាមិញ អតីតប្រធានចារកម្មអាហ្វហ្គានីស្ថានលោករ៉ាម៉ាថូឡាស់ ណាប៊ីល (Rahmatullah Nabil) ជឿជាក់ថា ក្រុមតាលីបង់បានព្យាយាមគ្រប់គ្រងលើផ្លូវហាយវេ និងប្រមូលកម្លាំងនៅជុំវិញទីក្រុងកាប៊ុល ចាប់តាំងពីមុនពេលដែលកម្លាំងបរទេសចាកចេញ ប្រហែលជានៅក្នុងខែកក្កដា ឬកញ្ញា ដើម្បីទទួលបានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងកិច្ចពិភាក្សាដែលអាចធ្វើទៅបានជាមួយរដ្ឋាភិបាល។
កិច្ចពិភាក្សាអាហ្វហ្គានីស្ថានក្នុងប្រទេសតួកគីក្រោមជំនួយឧបត្ថម្ភពីអង្គការសហប្រជាជាតិធ្លាប់ត្រូវបានកំណត់ពេលនៅខែមីនា ប៉ុន្តែវាត្រូវបានពន្យារពេលម្តងហើយម្តងទៀតដោយសារតែមានការរារែករបស់ក្រុមតាលីបង់ នេះបើយោងតាមមន្ត្រីអាហ្វហ្គានីស្ថាន។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១