អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មនុស្ស៦នាក់រងរបួសនៅថ្ងៃអង្គារក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់បែកតាមដងផ្លូវកើតឡើងលើរថយន្តយោធានៅជាយក្រុងភាគខាងជើងទីក្រុងកាប៊ុលដែលជារាជធានីរបស់ប្រទេសអាហ្វហ្គានីស្ថាននេះបើយោងតាមការបញ្ជាក់ពីសន្តិសុខ។
“ឧប្បត្តិហេតុកើតឡើងក្នុងស្រុកខារាប៉ាស់ (Qarabagh) នៅតាមបណ្តោយផ្លូវទៅខេត្ត។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ៧:៣៥នាទីព្រឹកម៉ោងក្នុងស្រុក។ អ្នករងរបួសរួមមានក្មេង ១នាក់ ជនស៊ីវិល ០២នាក់ និងបុគ្គលិកទ័ពជាតិអាហ្វហ្គានីស្ថានចំនួន ៣នាក់។” នេះយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មាន។
ជនរងគ្រោះទាំងនោះត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ហើយសមត្ថកិច្ចបានពង្រាយកម្លាំងការពារទីតាំងកើតហេតុ។
ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយបានរាយការណ៍ថា នៅទីតាំងផ្ទុះបន្តគ្នាចំនួនពីរដងក្នុងស្រុកដែលជាកន្លែងដែលភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាហ្វហ្គានីស្ថាន បានចាប់ខ្លួនសមាជិកតាលីបង់ចំនួន ០៣នាក់នៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
រយៈពេលប៉ុន្មានខែមកនេះ ទីក្រុងធំៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថានរងការរវាយប្រហារភេរវកម្ម ដែលធ្វើឡើងដោយក្រុមបះបោរតាលីបង់ និងក្រុមរដ្ឋអ៊ីស្លាម (IS) ប្រឆាំងនឹងរដ្ឋាភិបាល។ ខណៈដែលកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពណាតូចាប់ផ្តើមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន អំពើហិង្សានៅក្នុងប្រទេសមានការកើនឡើងជាបន្តបន្ទាប់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១