ប្រទេសអាហ្វហ្គានីស្ថាន៖ ក្រសួងការពារជាតិប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថាក្រុមសកម្មប្រយុទ្ធចំនួន១១នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយ របស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលបានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់មួយក្រុមនៅយប់ថ្ងៃចន្ទ។
ការវាយប្រហារតាមអាកាសធ្វើឡើងនៅក្នុងស្រុកបាដផាក (Badpakh) ភាគខាងកើតខេត្តឡេកម៉េន (Laghman) ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយថែមទាំងបានបំផ្លាញអាវុធ និងគ្រឿងផ្ទុះជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធ នេះបើតាមការលេីកឡេីងរបស់លោករដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងសេចក្តីថ្លែងការណ៍មួយ។
ខេត្តឡេកម៉េន មានចម្ងាយ ៩០គីឡូម៉ែត្រនៅភាគខាងកើតទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន បានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានការកាន់កាប់ស្រុកដាវឡេត ស្ហារ (Dawlat Shah ) ក្នុងខេត្តឡេកម៉េន (Laghman) នៅដើមខែនេះ។ ពួកគេថែមទាំងបានគ្រប់គ្រងលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយចំនួននៅក្នុងតំបន់ ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកងកម្លាំងរដ្ឋាភិបាលនៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅតំបន់មួយចំនួនក្នុងខេត្តឡេក ម៉េន។
ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វើការអត្ថាធិប្បាយពីការវាយប្រហារតាមអាកាសនេះនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១