មន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់មានជនស៊ីវិល៦នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកកំណត់គោលដៅលើរថយន្តក្រុងមួយគ្រឿងក្នុងទីក្រុងកាប៊ុល ដែលជារាជធានីនៃប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃអង្គារ។
មន្ត្រីក្រសួងមហាផ្ទៃ លោកហាមីដ រ៉ូស្ហាន (Hamid Roshan) ប្រាប់អ្នកសារព័ត៌មានថា៖ “ព័ត៌មានបថមបង្ហាញថា ជនស៊ីវិលចំនួន៦នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស។ ចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើង។”
លោកបន្ថែមឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅក្បែរចំណតឡានក្រុងក្នុងតំបន់ម៉ាជេដអ៊ីហេលប៊ិដ (Masjed-e-Halebid) ក្នុងសង្កាត់ Police District 3 នៅម៉ោងប្រមាណជា ៧និង១៥នាទីព្រឹក ម៉ោងនៅក្នុងតំបន់។
យោងតាមការស៊ើបអង្កេតបឋមបានបង្ហាញថា វាជាការបំផ្ទុះគ្រាប់បែកបញ្ជាពីចម្ងាយ។
អ្នកស្រុកប្រាប់ភ្នាក់ងារសារព័ត៌មានថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងមុនហេតុការណ៍ផ្ទុះគ្រាប់នៅទីតាំងមួយផ្សេងទៀតក្នុងស្រុកតែមួយ។
ពុំទាន់មានមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
គួររំលឹកផងដែរថា នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងកាប៊ុលបានរងគ្រោះពីការវាយប្រហារភេរវកម្មជាច្រើន ដែលរៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) ប្រឆាំងជាមួយនឹងរដ្ឋាភិបាល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១