ប្រទេសអាហ្វហ្គានីស្ថាន៖ទាហានម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកច្នៃមួយនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យយោធាក្នុងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន (Waziristan)ខាងត្បូង ដែលជាស្រុកមួយស្ថិតនៅភាគពាយព្យនៃខេត្តខាយបឺរ ផាកថុនវ៉ា (Khyber Pakhtunkhwa) នេះបើយោងតាមសេចក្តីរាយការណ៍ពីកម្លាំងទាហាន
នៅយប់ថ្ងៃពុធ។
កម្លាំងសន្តិសុខបានបិទតំបន់នោះ និងបានបើកប្រតិបត្តិការស៊ើបអង្កេតដើម្បីចាប់ភេរវករណាមួយដែលអាចមាននៅក្នុងតំបន់នោះ ក្រោយពីមានការសម្លាប់ទាហានវ័យ២៦ឆ្នាំមួយរូប នេះបើយោងតាមស្ថាប័នផ្សព្វផ្សាយនិងទំនាក់ទំនងសារធារណៈ របស់យោធា។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមឲ្យដឹងថា កងទ័ពប៉ាគីស្ថានបានប្តេជ្ញាចិត្តថា នឹងលុបបំបាត់រាល់សកម្មភាពគំរាមកំហែងនៃអំពើភេរវកម្ម និងពង្រឹងការតាំងចិត្តរបស់ទាហានឲ្យក្លាហានបន្ថែមទៀតដើម្បីធ្វើប្រតិបត្តិការបង្ក្រាប។
ទាហានប៉ាគីស្ថានបានធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមភេរវករនៅក្នុង ស្រុកវ៉ាហ្ស៊ីរ៉ីស្ថានខាងត្បូង ដែលស្ថិតនៅជាប់ព្រំដែនប្រទេសអាហ្គានីស្ថាន។
យ៉ាងណាមិញ បើទោះបីជាមានការបង្ក្រាបជាច្រើនដងនៅក្នុងតំបន់នោះ ក៏សមាជិកភេវរករដែលនៅសេសសល់ នៅតែបន្តបើកការវាយប្រហារទៅលើកម្លាំងសន្តិសុខជាបន្តបន្ទាប់ដែរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១