មេបញ្ជាការតាលីបង់ស្លាប់ក្នុងចំណោមមនុស្ស១៨នាក់អ្នកដែលត្រូវបានសម្លាប់

0
ប្រទេសអាហ្វហ្គានីស្ថាន៖អ្នកនាំពាក្យទាហាននៅតំបន់ភាគខាងជើងលោក មូហាម៉ាដ ហានីហ្វ រ៉េហ្សាយ (Mohammad Hanif Rezai) មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា សមជិកសកម្មប្រយុទ្ធ១៨នាក់ ដោយក្នុងនោះ​មានទាំងមេបញ្ជាការរបស់ពួកគេមួយរូបគឺលោក ខ្វារ៉ី មូប៊ីន (Qari Mubin) ត្រូវបានសម្លាប់ក្នុងការវាយប្រហារ​តាមអាកាសលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅសង្កាត់អាក់ឆា (Aqcha) ភាគខាងជើង​ខេត្តចាវ ចាន់(Jawzjan) នៅថ្ងៃពុធ។

អ្នកនាំពាក្យមានប្រសាសន៍ថា នៅក្នុងហេតុការណ៍វាយប្រហារតាមអាកាស យន្ដហោះប្រយុទ្ធបានវាយប្រហារ​កំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅសង្កាត់អាក់ឆា (Aqcha) នៅ​រសៀលថ្ងៃពុធ ដោយបានសម្លាប់មេបញ្ជាការតាលីបង់មួយរូបគឺលោក ខ្វារ៉ី មូប៊ីន (Qari Mubin) ជាមួយ​នឹងសមាជិកសកម្មប្រយុទ្ធតាលីបង់ចំនួន១៧នាក់ផ្សេងទៀត និងសមាជិកសកម្មប្រយុទ្ធ៧នាក់ផ្សេងទៀត​រងរបួស។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានបង្កើនសកម្មភាពវាយប្រហារចាប់តាំងពីកងកម្លាំងទ័ពដឹកនាំដោយ​សហរដ្ឋអាមេរិក ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានជាផ្លូវការនៅថ្ងៃទី០១ ខែឧសភា ពុំទាន់ធ្វើការអត្ថាធិប្បាយ​ណាមួយនោះទេ។

ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅតែបន្តកើតមានរវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធតាលីបង់ក្នុងសង្កាត់​អាក់ឆា​នៅរយៈពេលប៉ុនា្មនសប្តាហ៍កន្លងមកនេះ។

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here