មន្ត្រីនៅក្នុងតំបន់និយាយថា សមាជិកក្រុមសកម្មប្រយុទ្ធ៥នាក់ និងកងជីវពលគាំទ្រដោយរដ្ឋាភិបាល ៦នាក់ស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដែលកើតឡើងនៅសង្កាត់រ៉ាស់តាក (Rustaq) ភាគខាងជើងខេត្តតាខា (Takhar) នៃប្រទេសអាហ្វហ្កានីស្ថាននៅថ្ងៃចន្ទ។
ហេតុការណ៍ប៉ះទង្គិចគ្នានោះបានកើតឡើងនៅថ្ងៃចន្ទ ខណៈដែលសមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់វាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងជីវពលគាំទ្រដោយរដ្ឋាភិបាលក្នុងភូមិហាហ្វីហ្សាន (Hafizan) នៅប្រមាណជាម៉ោង២រសៀលម៉ោងក្នុងស្រុក។
មេបញ្ជាការកងជីវពលគាំទ្រដោយរដ្ឋាភិបាលលោកម៉ូហាម៉ាដអាស្លាម (Mohammad Aslam) ប្រាប់ភ្នាក់ងារសារព័ត៌មានថា ការប្រយុទ្ធគ្នាបានកើតឡើងអស់រយៈពេលមួយសន្ទុះធំ ហើយក្រោយមកសមាជិកក្រុមសកម្មប្រយុទ្ធបានរត់គេចខ្លួនដោយបន្សល់ទុកនូវសាកសពសមាជិកសកម្មប្រយុទ្ធចំនួន៥នាក់។
សរុបមក កងជីវពលគាំទ្រដោយរដ្ឋាភិបាលចំនួន ៦នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួស ដោយក្នុងនោះមានសមាជិកសកម្មប្រយុទ្ធ៥នាក់ និងសមាជិកកងជីវពលគាំទ្រដោយរដ្ឋាភិបាល៣នាក់។
ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វេីការអត្ថាធិប្បាយអំពីហេតុការណ៍នេះនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១