ជនស៊ីវិល៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់ក្រុមឧទ្ទាមហ៊ូទី

0

តាមប្រភពពីមន្តីរដ្ឋាភិបាលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅថ្ងៃព្រហស្បតិ៍មានមនុស្ស ៣នាក់ត្រូវបានសម្លាប់ និង១៦នាក់ផ្សេងទៀតរងរបួសពីការវាយប្រហារតាមអាកាសរបស់ក្រុមឧទ្ទាមហ៊ូទី(Houthi) នៅក្នុងខេត្តម៉ារ៉ីប(Marib) ដែលជាខេត្តសម្បូរប្រេងក្នុងប្រទេសយ៉េម៉ែន។

មន្ត្រីអាណាមិកក្នុងតំបន់ម្នាក់បញ្ជាក់ឲ្យដឹងថា៖” ក្រុមឧទ្ទាមហ៊ូទីបានធ្វើការវាយប្រហារដោយប្រើមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងតំបន់គ្រប់គ្រងដោយ
រដ្ឋាភិបាលនៅក្នុងខេត្តម៉ារ៉ីប”។

លោកអះអាងថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី បណ្តាលឱ្យជនស៊ីវិល ៣នាក់ស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស។ លោកបន្តថា រថយន្តសង្គ្រោះបន្ទាន់ និងកម្លាំងជួយសង្គ្រោះជាច្រើនបានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុនិងបន្តធ្វើការសង្គ្រោះនៅទីនោះ។ លោកបន្ថែមឲ្យដឹងទៀតថា មីស៊ីលផ្លោង ៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើក៣គ្រឿងវាយប្រហារលើខេត្តម៉ារ៉ីបបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង។ ហេតុការណ៍ផ្ទុះដ៏កក្រើកនោះក៏បានបង្កឲ្យមានភាពភ័យស្លន់ស្លោដល់ប្រជាជនក្នុងតំបន់នោះផងដែរ។

សូមរំលឹកផងដែរថា នៅថ្ងៃសៅរ៍ក្រុមឧទ្ទាមហ៊ូទីបានបាញ់ម៉ីស៊ីលផ្លោងលើស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងខេត្តម៉ារ៉ីបបណ្តាលឲ្យមានការផ្ទុះដ៏កក្រើក និងបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៧នាក់។ ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើការវាយលុកទ្រង់ទ្រាយធំមួយប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងដណ្តើមយកខេត្តម៉ារ៉ីបមកកាន់កាប់។ ចំណែកឯកិច្ចចរចាររៀបចំឡើងអង្គការសហប្រជាជាតិសម្រាប់ភាគីសង្គ្រាមនៅក្នុងយេម៉ែនបានទទួលការបរាជ័យ ដោយមិនអាចឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ។

គួរបញ្ជាក់ផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤មក នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដណ្តើមកាន់កាប់ខេត្តជាច្រើននៅភាគខាងជើង និងបានបង្ខំឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ពីអន្តរជាតិរបស់ប្រធានាធិបតីអាប់រ៉ាប៊ូម៉ាន់សួរហាឌី(Abd-Rabbu Mansour Hadi )ចាកចេញពីរដ្ឋធានីសាណា៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here