សមាជិកសកម្មប្រយុទ្ធ IS ១៣ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់

0

កម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) និយាយនៅថ្ងៃអាទិត្យថា កងកម្លាំងកម្មង់ដូបានសម្លាប់សមាជិកសកម្មប្រយុទ្ធISចំនួន១៣នាក់នៅទូទាំងប្រទេសអ៊ីរ៉ាក់ក្នុងខែនេះ។

អ្នកនាំពាក្យកងកម្លាំងកម្មង់ដូ CTS លោកសាបាស់ អាល់នូម៉េន (Sabah al-Numan) ប្រាប់ភ្នាក់ងារសាព័ត៌មានផ្លូវការអ៊ីរ៉ាក់ INA ថា កងកម្លាំងកម្មង់ដូដោយមានការគាំទ្រពីយន្តហោះចម្បាំងអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការសន្តិសុខជាច្រើននៅក្នុងខែមិថុនា ដោយបានសម្លាប់សមាជិកសកម្មប្រយុទ្ធ IS ចំនួន ១៣នាក់ និងចាប់ខ្លួនសមាជិកឧទ្ទាមជាច្រើននាក់ផ្សេងទៀត រួមទាំងបានបំផ្លាញរូងភ្នំ និងទីតាំងលាក់ខ្លួនមួយចំនួនរបស់ពួកគេផងដែរ។ លោកអាល់នូម៉េនបន្ថែមថា កងកម្លាំងកម្មង់ដូ CTS នឹងបន្តធ្វើប្រតិបត្តិការបន្ថែមទៀតដើម្បីតាមប្រមាញ់សមាជិកសកម្មប្រយុទ្ធIS។

ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សមាជិកឧទ្ទាមIS ដែលបង្កើនការវាយប្រហាររបស់ពួកគេទៅលើកម្លាំងសន្តិសុខ និងជនស៊ីវិលនៅក្នុងខេត្តដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតរដ្ឋអ៊ីស្លាម បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកសកម្មប្រយុទ្ធISទូទាំងប្រទេសនៅចុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកឧទ្ទាម ISដែលនៅសេសសល់ បានបង្កប់ខ្លួននៅក្នុងតំបន់ទីក្រុង ឬតំបន់វាលខ្សាច់ រួមទាំងតំបន់រឹងមាំផ្សេងទៀត ដោយបានធ្វើសកម្មភាពវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here