ភេរវករប្រមាណជា២៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការបោសសម្អាតក្នុងប្រទេសប៊ូគីណាហ្វាសូ

0

ប្រទេសប៊ូគីណាហ្វាសូ៖ទាហានប៊ូគីណាហ្វាសូនិយាយថា កម្លាំងទាហានរបស់ពួកគេបានសម្លាប់សមាជិកភេរវករច្រើនជាង២៥នាក់ ប៉ុន្តែពួកគេក៏បានបាត់បង់ទាហានចំនួន ៣នាក់និងអ្នកស្ម័គ្រចិត្តចំនួន ៦នាក់ផ្សេងទៀតក្នុងកំឡុងពេលធ្វើប្រតិបត្តិការបោសសម្អាតភេរវករចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា។

ទាហានបានលើកឡើងនៅក្នុងរបាយការណ៍មួយថា ប្រតិបត្ដិការបោសសម្អាតត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការវាយប្រហារសម្លាប់មនុស្សចំនួន ១៣២នាក់នៅពេលយប់ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែមិថុនាលើទីតាំងរុករករ៉ែខ្នាតតូចមួយក្នុងភូមិសូលហាន (Solhan) ភាគពាយព្យនៃតំបន់សាហេល (Sahel) ប្រទេសប៊ូគីណាហ្វាសូ។

យោងតាមរបាយការណ៍បន្ថែមឲ្យដឹងថា ប្រតិបត្ដិការបោសសម្អាតជាច្រើនត្រូវបានធ្វើឡើងនៅក្នុងតំបន់មួយចំនួន ដែលបណ្តាលឱ្យមានការសម្លាប់អ្នកវាយប្រហារជាច្រើននាក់ហើយថែមទាំងរឹបអូសយកជំរុំរបស់ពួកគេផងដែរ។

ទាហានប៊ូគីណាហ្វាសូបញ្ជាក់បន្ថែមក្នុងរបាយការណ៍ថា​ ប្រតិបត្ដិការដែលកំពុងបន្តបានរកឃើញឧបករណ៍ផ្ទុះមួយ​ និងត្រូវបានកែសំរួលដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់។

គួររំលឹកផងដែរថា នៅថ្ងៃទី១០ ខែមិថុនា ក្រុមភេរវករប្រដាប់អាវុធបានធ្វើការវាយឆ្មក់លើកម្លាំងយោធា និងកងកម្លាំងរាជអាវុធហត្ថ ខណៈដែលកម្លាំងទាំងនោះកំពុងយាមល្បាតនៅភាគពាយព្យនៃប្រទេស។ ទាហានដដែលបានបញ្ជាក់ថា ក្រោយមកទាហានប៊ូគីណាហ្វាសូបានធ្វើការវាយបកវិញ ដោយបានសម្លាប់អ្នកវាយប្រហារប្រមាណជា ១៥នាក់ និងបានរឹបអូសយកអាវុធធុនធ្ងន់ គ្រាប់រំសេវ និងឃ្លាំងរំសេវរបស់ពួកគេផងដែររ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here