ប្រទេសសូម៉ាលី៖មន្ត្រីប៉ូលិស និងសាក្សីនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ទាហានចំនួន១៥នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលកំណត់គោលដៅលើជំរុំហ្វឹកហាត់យោធានៅថ្ងៃអង្គារ។
មន្រ្តីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅជំរុំហ្វឹកហាត់យោធា General Dhagobadan។
មន្ត្រីរូបនោះបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយអ្នកស្លាប់ និងអ្នករងរបួសទាំងនោះភាគច្រើនជាសមាជិកដែលត្រូវបានគេជ្រើសរើសឱ្យចូលរួមជាមួយកងទ័ពជាតិសូម៉ាលី។
សាក្សីបាននិយាយថា ពួកគេបានឃើញអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកអ៊ីប្រាហ៊ីម អាមិដ ដែលជាសក្សីនៅទីតាំងកើតហេតុមានប្រសាសន៍ថា៖ “ខ្ញុំបានឃើញរថយន្តសង្គ្រោះបន្ទាន់ចូលមន្ទីរពេទ្យម៉ាឌីណា (Madina) ក្រោយពីពួកគេបានដឹកអ្នករងរបួសចេញពីទីតាំងកើតហេតុ” ។
ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះទេប៉ុន្តែក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប(al-Shabab)តែងតែធ្វើការវាយប្រហារស្រដៀងគ្នានាពេលកន្លងមក។
គួររំលឹកផងដែរថា កងកម្លាំងយោធាសូម៉ាលី និងកងកម្លាំងដៃគូ បានបង្កើនប្រតិបត្តិការយោធានៅលើទឹកដី ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ក្រោយពីបានបណ្តេញក្រុមបះបោរចេញពីទីក្រុងម៉ូហ្គាឌីស្យូ (Mogadishu) ក្នុងឆ្នាំ២០១១។ ទោះបីយ៉ាណាក៏ដោយ ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបនៅតែបន្តគ្រប់គ្រងលើផ្នែកខ្លះតាមតំបន់ជនបទភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសសូម៉ាលី ហើយថែមទាំងបន្តអនុវត្តការវាយប្រហារធំៗនៅក្នុងទីក្រុងម៉ូហ្គាឌីស្យូ និងទីតាំងផ្សេងៗទៀត៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១