ប្រទេសយេម៉ែន៖ក្រុមឧទ្ទាមហ៊ូទីយេម៉ែននិយាយថា ពួកគេបានបើកការវាយប្រហារដោយប្រើយន្តហោះផ្ទុកគ្រាប់បែកគ្មានមនុស្សបើកចំនួន២គ្រឿងទៅលើអាកាសយានដ្ឋានអន្តរជាតិអាបា(Abha) របស់ប្រទេសអារ៉ាប៊ីសាអូឌីតពេលថ្ងៃត្រង់នៅថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទីលោកយ៉េយា សារៀរ(Yehya Sarea) និយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍អាល់ម៉ាស៊ីរ៉ាស់(al-Masirah)ថា៖ “យន្តហោះគ្មានមនុស្សបើកបានវាយប្រហារកំណត់គោលដៅទៅលើយោធាដែលនៅក្នុងអាកាសយានដ្ឋាន។”
ជាមួយគ្នានេះដែរ ទូរទស្សន៍អាឡារ៉ាប៊ីយ៉ា(Alarabiya) ដែលគ្រប់គ្រងដោយប្រទេសអារ៉ាប៊ីសាអូឌីតបានចុះផ្សាយថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះផ្ទុកគ្រាប់បែកគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហ៊ូទីដែលបាញ់ឆ្ពោះទៅកាន់ទីក្រុងខាមិសម៊ូស្ហាយ(Khamis Mushait)ភាគនិរតីនៃប្រទេសអារ៉ាប៊ី
សាអូឌីត។
ក្រុមឧទ្ទាមហ៊ូទី(Houthi)ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានបង្កើនការវាយប្រហារមីស៊ីលនិងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែនទៅលើប្រទេសអារ៉ាប៊ីសាអូឌីតចាប់តាំងពីខែកុម្ភៈមក នៅពេលដែលក្រុមនេះបានធ្វើការវាយប្រហារដ៏ធំមួយប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីដណ្តើមយកខេត្តម៉ារ៉ីប(Marib) ដែលជាខេត្តសំបូរទៅដោយប្រេង និងមានមនុស្សតាំងលំនៅជិត ២លាននាក់នៅភាគកណ្តាលប្រទេសយេម៉ែន។
អង្គការសហប្រជាជាតិបានព្រមានថា ការវាយលុកទៅលើខេត្តម៉ារ៉ីបអាចនាំឱ្យមានមហន្តរាយមនុស្សធម៌ដ៏ធំមួយ។
នៅសប្តាហ៍មុនគណៈប្រតិភូអូម៉ានី(Omani)បានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីសាណារបស់ប្រទេសយេម៉ែន ក្នុងកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីបញ្ចុះបញ្ចូលឲ្យក្រុមឧទ្ទាមហ៊ូទីទទួលយកបទឈប់បាញ់ ដែលស្នើឡើងដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១