កងទ័ពជាតិសូម៉ាលី (SNA) និយាយនៅថ្ងៃអាទិត្យថា កងកម្លាំងរបស់ពួកគេបានសម្លាប់សមាជិកភេរវករអាល់ស្ហាបាបចំនួន ២៤នាក់ក្រោយពីបានធ្វើប្រតិបត្តិការបង្ក្រាបសកម្មភាពវាយប្រហារភេរវកម្មក្នុងមូលដ្ឋានយោធានៅភាគខាងត្បូងនៃទីក្រុងឌីនស័រ (Diinsoor) នៅយប់ថ្ងៃសៅរ៍។
កម្លាំងទ័ពជាតិ SNA បន្ថែមឲ្យដឹងថា ក្រុមភេរវករអាល់ស្ហាបាបបានព្យយាមចំនួនបីលើកដើម្បីធ្វើការវាយប្រហារទៅលើមូលដ្ឋានយោធានៅក្នុងតំបន់បេយ (Bay) ប៉ុន្តែកងទ័ពបានបណ្តេញពួកគេចេញដោយជោគជ័យ ហើយថែមទាំងបានសម្លាប់សមាជិករបស់ពួកគេចំនួន ២៤នាក់។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួនបានរកឃើញអាវុធ ដែលក្រុមភេរវករអាល់ស្ហាបាបប្រើប្រាស់ដើម្បីសម្លាប់ និងធ្វើឱ្យមនុស្សពិការនៅក្នុងប្រតិបត្តិការមួយដែលធ្វើឡើងក្រោយពីមានហេតុការណ៍វាយប្រហារភេរវកម្មរួច។
ឌីនស័រ (Diinsoor)ជាទីក្រុងមួយដែលមានចម្ងាយប្រមាណជា១០០គីឡូម៉ែត្រពីទីក្រុងប៉ាយដូរ (Baidoa) និងមានទីតាំងនៅជាប់ជាមួយតំបន់បេយ ជាកន្លែងដែលទាហានមានមូលដ្ឋានរឹងមាំ។
យ៉ាងណាមិញ កងទ័ពជាតិ SNA បាននិយាយថា កងកម្លាំងរបស់ពួកគេចាប់បានសមាជិក
ភេរវករអាល់ស្ហាបាបនៅក្នុងភូមិអ័ស្ ហ(Orshe) ដែលមានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រ ពីភាគខាងកើតនៃរាជធានីដាស់សាម៉ារ៉ិប (Dhusamareb) ក្នុងរដ្ឋហ្គាមម៉ាដាក់ (Galmudug)។ កងកម្លាំងពិសេសហ្គ័រហ្គ័រ (Gorgor) បានធ្វើប្រតិបត្តិការនៅព្រលឹមថ្ងៃសៅរ៍ ដែលជាហេតុនាំឲ្យសមាជិកក្រុមភេរវកររងការចាញ់ដ៏ធំធេង។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuaet ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១