ជនស៊ីវិល៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងធំនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យរដ្ឋបាលខេត្តលោកអ៊ីសម៉ាតថូឡាស់ ម៉ូរ៉ាឌី (Esmatullah Muradi) មានប្រសាសន៍ថា ជនស៊ីវិល៥នាក់ រួមទាំងក្មេងៗត្រូវបានសម្លាប់ និងមនុស្ស៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយកាំភ្លើងធំក្នុងតំបន់លំនៅដ្ឋានភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន​។

មន្ត្រីម្នាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានបាញ់កាំភ្លើងធំវាយប្រហារទៅលើតំបន់លំនៅដ្ឋានមួយកន្លែងនៅក្នុងភូមិហ្សាខីល(Zakhil)នៃទីក្រុងគុណដូហ្ស (Kunduz) និងបានសម្លាប់ជនស៊ីវិល៥នាក់មានទាំងស្ត្រី និងកុមារ និងជនស៊ីវិល៨នាក់ផ្សេងទៀតរង
របួស។

ក្រុមសកម្មប្រយុទ្ធតាលីបង់ដែលបាននិងកំពុងបង្កើនសម្ពាធនៅជុំវិញទីក្រុងគុណដូហ្ស (Kunduz) ជារដ្ឋធានីនៃខេត្តគុណដូហ្ស(Kunduz) ដែលមានចម្ងាយ ២៥០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងកាប៊ុល នៅមិនទាន់បានធ្វើអត្ថាធិប្បាយចំពោះការវាយប្រហារនេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នេះជាការវាយប្រហារលើកទី២ នៅព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់ជនស៊ីវិលមានទាំងស្ត្រី និងកុមារជាច្រើននាក់។

គួររំលឹកផងដែរថា នៅព្រឹកព្រលឹមថ្ងៃចន្ទដដែល មានការវាយប្រហារមួយកើតឡើងក្នុងស្រុកអាមាដ អាបាដ (Ahmad Abad)​ នៅភាគខាងកើតនៃខេត្តផាក ធៀរ (Paktia) ដោយបានសម្លាប់ជនស៊ីវិល៥នាក់មានស្រ្តី១នាក់ ក្មេង២នាក់ និងបុរស២នាក់ ហើយបណ្តាលឲ្យជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here