កាលពីថ្ងៃពុធនេះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានធ្វើការវាយប្រហារទៅលើកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់នៅភាគនិរតីខេត្តគីរីគូក (Kirkuk) បណ្តាលឲ្យប៉ូលិស៦នាក់រងរបួស។
ប្រភពពីប៉ូលិសបាននិយាយថាក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារសំដៅលើអង្គភាពមួយរបស់ប៉ូលិសសហព័ន្ធដែលស្ថិតនៅក្នុងស្រុករីយ៉ាដ (Riyad) នៃក្រុងហាវីចា Hawija មានចម្ងាយប្រហែល៥៥គីឡូម៉ែត្រពីភាគខាងត្បូងខេត្តគីរីគូក។
ប្រភពបានប្រាប់ឱ្យដឹងទៀតថាពួកសកម្មប្រយុទ្ធមិនមាននណាម្នាក់រងរបួស ឬក៏ស្លាប់បាត់បង់ជីវិតនោះទេនៅក្នុងហេតុការណ៍វាយប្រហារនេះ ហើយពួកគេបានរត់ភៀសខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីធ្វើការវាយប្រហាររួច។
គួរបញ្ជាក់ថាខេត្តគីរីគូកជាខេត្តមានជម្លោះស្ថិតនៅក្នុងចំណោមតំបន់ដែលប្រឈមនឹងការវាយប្រហារដោយពួកភេរវកររដ្ឋអ៊ីស្លាម។ ថ្មីៗនេះរដ្ឋធានីអេលបីល (Erbil) និងរដ្ឋធានីបាដាដ (Baghdad) បានបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការរួមគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងប៉េសមើហ្គា (Peshmerga) របស់ឃឺដដើម្បីដោះស្រាយក្តីកង្វល់សន្តិសុខនៅក្នុងទឹកដីដែលមានជម្លោះទាំងនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១