តុលាការអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍នេះបានចេញសាលក្រមកាត់ទោសប្រហារជីវិតមនុស្សចំនួន១៣នាក់ពីបទចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម(IS)និងបានចូលរួមក្នុងផែនការដើម្បីអនុវត្តការវាយប្រហារសម្លាប់ជាច្រើន។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាតុលាការកំពូលអ៊ីរ៉ាក់បានឲ្យដឹងថា តុលាការអ៊ីរ៉ាក់បានចេញសាលក្រមប្រហារជីវិត ក្រោយពីក្រុមអ្នកទោសទាំងនោះបានសារភាពថា ពួកគេបានចូលរួមជាមួយក្រុមឧទ្ទាមជ្រុលនិយម និងមានចេតនាអនុវត្តការវាយប្រហារភេរវកម្មក្នុងអំឡុងបុណ្យរ៉ាម៉ាដាននៅឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍នោះធ្វើឡើងនៅពេលបីថ្ងៃក្រោយពីតុលាការមួយផ្សេងទៀតបានចេញសាលក្រមកាត់ទោសប្រហារជីវិត៤លើក និងដាក់ពន្ធនាគារអស់មួយជីវិតប្រឆាំងនឹងមេដឹកនាំឧទ្ទាម(IS)ក្នុងស្រុកម្នាក់ពីបទពាក់ព័ន្ធនឹងអំពើភេរវកម្មផ្សេងៗនៅក្នុងខេត្តសាឡាហូឌីន(Salahudin)ភាគខាងជើងនៃរដ្ឋធានីបាកដាដ។
គួររំលឹកផងដែរថា នៅខែមិថុនា ឆ្នាំ២០១៤ ក្រុមឧទ្ទាម IS ដណ្តើមបានកាន់កាប់ទឹកដីជាច្រើននៅភាគខាងលិច និងភាគខាងជើងប្រទេសអ៊ីរ៉ាក់រួមទាំងខេត្តសាឡាហូឌីន។ ក្រោយមកទៀត ប្រទេសអ៊ីរ៉ាក់បានប្រកាសជាផ្លូវការនូវការរំដោះបានពេញលេញពីក្រុមឧទ្ទាម IS នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ពេល៣ឆ្នាំ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១