ប្រទេសប៉ាគីស្ថាន៖សេចក្តីថ្លែងការណ៍ពីយោធានៅថ្ងៃសុក្របានឲ្យដឹងថាក្រុមភេរវករប្រដាប់អាវុធមួយក្រុមបានវាយប្រហារទៅលើកម្លាំងល្បាតជួរមុខដែលជាទាហានប៉ារ៉ានិងបានសម្លាប់ទាហាន៥នាក់នៅខេត្តបាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
ភ្នាក់ងារទំនាក់ទំនងអន្តរសេវាកម្ម (ISPR) ដែលជាបណ្តាញផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃការវាយប្រហារប្រាប់ឲ្យដឹងថា ការវាយប្រហារកើតឡើងនៅតំបន់សានហ្គាន (Sangan) ក្នុងស្រុកស៊ីប៊ី (Sibi) ខេត្តបាឡូជី ស្ថាន (Balochistan)។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបន្ថែមឲ្យដឹងថា ការវាយប្រហាររបស់ក្រុមភេរវករទៅលើកម្លាំងល្បាតនៅព្រំដែនបានធ្វើឱ្យមានការប្រយុទ្ធតបតគ្នាយ៉ាងខ្លាំង ដោយបណ្តាលឱ្យបាត់បង់ទាហាន៥នាក់។
ភ្នាក់ងារ ISPR បន្ថែមថា៖ “ក្នុងអំឡុងពេលប្រយុទ្ធតទល់គ្នា បណ្តាលឲ្យមានការខាតបង់ទាហាន និងសម្ភារៈជាច្រើន ហើយប្រតិបត្តិការស្រាវជ្រាវកំពុងតែដំណើរការដើម្បីបិទផ្លូវរត់គេចខ្លួនរបស់ភេរវករ និងសមាជិករបស់ពួកគេ។”
សេចក្តីថ្លែងការណ៍បញ្ជាក់ថា សកម្មភាពកំសាករបស់ភេរវករមិនអាចបំផ្លាញសន្តិភាព និងវិបុលភាពនៅក្នុងខេត្តបាឡូជីសស្ថានបានទេ ហើយកងកម្លាំងសន្តិសុខបានប្តេជ្ញាចិត្តថានឹងបំផ្លាញរចនាសម្ព័ន្ធរបស់ពួកគេបើទោះបីជាត្រូវលះបង់ឈាម និងជីវិតក៏ដោយ។
ពុំទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១