ប៉ូលិស៥នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកតាមដងផ្លូវនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖យោងតាមប្រភពពីប៉ូលិសខេត្តបានប្រាប់ឲ្យដឹងថា សមាជិកប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ចំនួន៥នាក់ត្រូវបានសម្លាប់នៅថ្ងៃសុក្រក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកតាមដងផ្លូវមួយនៅភាគខាងជើងនៃខេត្តគៀរគូក(Kirkuk)។

លោកអាបាស់ អាល់អូបាយឌី (Abbas al-Obaidi) មន្រ្តីប៉ូលិសក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅពេលព្រឹក ក្រោយពីគ្រាប់បែកបង្កប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានផ្ទុះនៅខាងក្រៅទីក្រុងដារខ្យូត(Daquq) ក្នុងខេត្តគៀរគូក ដែលមានចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រខាងជើងរដ្ឋធានីបាកដាដ។

លោកបន្ថែមថា ហេតុការណ៍ផ្ទុះបានបណ្តាលឱ្យរថយន្តប៉ូលិសរងការបំផ្លាញ និងបានសម្លាប់ប៉ូលិស ៥នាក់នៅនឹងកន្លែង។ ក្រោយពីមានការវាយប្រហារដ៏សាហាវនេះ កម្លាំងចម្រុះរបស់កងទ័ពអ៊ីរ៉ាក់ និងប៉ូលិសបានយាមល្បាតបន្ថែមនៅក្នុងតំបន់នោះដើម្បីតាមដានអ្នកវាយប្រហារ។

គួរបញ្ជាក់ផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានធ្វើឱ្យប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធISជ្រុលនិយមនៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧។

ទោះជាយ៉ាងណា សមាជិក IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមតំបន់ទីក្រុង ឬតំបន់ដាច់ស្រយាល និងតំបន់រឹងមាំផ្សេងទៀត ដោយធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខនិងជនស៊ីវិល៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here