ប្រទេសអាហ្វហ្គានីស្ថាន៖ក្រសួងការពារជាតិរាយការណ៍នៅថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធតាលីបង់១០នាក់ត្រូវបានសម្លាប់ និង១២នាក់រងរបួសនៅភាគខាងកើតខេត្តវ៉ាដាក (Wardak)នៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារ។
ក្រសួងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាវុធ និងគ្រាប់កាំភ្លើងមួយចំនួនត្រូវបានបំផ្លាញ នៅពេលដែលកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANDSF) គាំទ្រដោយកងទ័ពអាកាសអាហ្វហ្គានីស្ថានវាយប្រហារកំណត់គោលដៅទៅលើទីតាំងចំនួនបីផ្សេងគ្នានៅទីរួមខេត្តម៉ាយដាន ស្ហារ(Maidan Shar) និងតំបន់អាឡាសាង (Alasang) នៃស្រុកឆាកគី វ៉ាដាក(Chaki Wardak)។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅខេត្តជាប់ជាមួយខេត្តផាវ៉ាន (Parwan) ត្រូវបានកម្លាំង ANDSF គាំទ្រដោយកម្លាំងគាំពារកិច្ចការសាធារណៈក្នុងតំបន់ចូលរួមបណ្តេញក្រុមសកម្មប្រយុទ្ធតាលីបង់ចេញពីស្រុកស្ហីនវ៉ា(Shinwar)នៅថ្ងៃអង្គារ។ ថ្លែងការណ៍លើកឡើងថា៖
“កិច្ចប្រឹងប្រែងបន្តដំណើរការនៅពេលដែលកម្លាំងសន្តិសុខបានចូលរួមក្នុងប្រតិបត្តិការមួយនៅថ្ងៃពុធដើម្បីដណ្តើមការកាន់កាប់ស្រុកសៃអេហ្គើដ(Seiagerd)នៅក្នុងខេត្តផាវ៉ានវិញ” ។
ក្រុមសកម្មប្រយុទ្ធតាលីបង់បាន និងកំពុងបន្តធ្វើការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាលចាប់តាំងពីកងទ័ពដឹកនាំដោយសហរដ្ឋអាមេរិកចាប់ផ្តើមដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី១ ខែឧសភា។ ក្រុមសកម្មប្រយុទ្ធតាលីបង់អះអាងថា ពួកគេ ដណ្តើមបានការកាន់កាប់ស្រុកច្រើនជាងចំនួន៤០នៅជាយក្រុង។
រហូតមកដល់ពេលនេះ ក្រុមសកម្មប្រយុទ្ធពុំទាន់បានឆ្លើយតបនឹងរបាយការណ៍នេះទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១