ប្រទេសប៉ាគីស្ថាន៖យោធាប៉ាគីស្ថាននិយាយនៅថ្ងៃពុធថា ទាហានប៉ាគីស្ថាន២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ភេរវករឆ្លងកាត់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍មួយពីបណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មបានឲ្យដឹងថា ក្រុមភេរវករបានបាញ់ទៅលើប៉ុស្តិ៍យោធាប៉ាគីស្ថានចេញមកពីខាងព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាននៅក្នុងស្រុកកុលសម្ព័ន្ធវ៉ាហ្សីរីស្ថាន (Waziristan) ខាងជើង នៃភាគខាងពាយព្យខេត្តឃីប័រ ផាកថុនខ្វា (Khyber Pakhtunkhwa) នៃប្រទេសប៉ាគីស្ថាន ។
សេចក្តីថ្លែងការណ៍បន្ថែមថា កម្លាំងប៉ាគីស្ថានបានឆ្លើយតបនៅក្នុងលក្ខណ្ឌសមគួរ ហើយទាហាន២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់គ្នា។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា ប្រទេសប៉ាគីស្ថានបានស្នើជានិច្ចដល់ប្រទេសអាហ្វហ្គានីស្ថានដើម្បីធានាឲ្យមានការគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាពរវាងព្រំដែនប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងសេចក្តីថ្លែងការណ៍លើកឡើងថា៖ “ប្រទេសប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់ទឹកដីរបស់ប្រទេសអាហ្គានីស្ថានជាបន្តបន្ទាប់សម្រាប់សកម្មភាពភេរវកម្មប្រឆាំងនឹងប្រទេសប៉ាគីស្ថាន” ។
គួរបញ្ចាក់ផងដែរថា ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថានមានព្រំដែនជាប់គ្នាជិត ២៦០០គីឡូម៉ែត្រ។ ប្រទេសប៉ាគីស្ថានកំពុងធ្វើរបងព្រំដែនជាមួយប្រទេសអាហ្គានីស្ថានដើម្បីរារាំងចលនារបស់ក្រុមសកម្មប្រយុទ្ធ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១