ក្រុមសកម្មប្រយុទ្ធតាលីបង់ ៧៧នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់ទ័ពអាកាសអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖មន្រ្តីក្រសួងការពារជាតិបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គាថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធ៧៧នាក់ត្រូវបានសម្លាប់​ ខណៈដែលកម្លាំងអាកាសអាហ្វហ្គានីស្ថានបានបង្កើនការវាយប្រហារតាមតំបន់ជាច្រើនក្នុងប្រទេស ដោយធ្វើការវាយឆ្មក់ទៅ​លើ​ទីតាំង​​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធជា​ច្រើនកន្លែង។

មន្រ្តីក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃអង្គារ​ ក្រុមសកម្មប្រយុទ្ធ ៣៥នាក់ត្រូវបានសម្លាប់ ក្រោយពីមានការវាយប្រហារតាមអាកាសមួយនៅជុំវិញសង្កាត់អាលីស្ហីង (Alishing) ភាគខាងកើតខេត្តឡាម៉េន(Laghman)។

វីដេអូឃ្លីបមួយដែលបញ្ចេញដោយមន្រ្តីក្រសួងការពារជាតិបង្ហាញថា ក្រុមសកម្មប្រយុទ្ធបានប្រមូលផ្តុំកម្លាំងនៅក្នុងផ្ទះខ្ទមមួយ មុនពេលពួកគេបើកការវាយប្រហារលើទីតាំងត្រួតពិនិត្យសុវត្ថិភាពក្នុងតំបន់។

យោងតាមការបកស្រាយក្នុងសេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ២៦នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយឆ្មក់ពីរដាច់ដោយឡែកពីគ្នានៅជាយក្រុងក្នុងសង្កាត់ផូល អេ អាឡាម (Pul-e-Alam) និងខស់ស្ហី (Khoshi) នៅយប់ថ្ងៃចន្ទ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលក៏មានបន្ថែមខ្លឹមសារផងដែរថា ក្រុមសកម្មប្រយុទ្ធ ១៦នាក់បានបាត់បង់ជីវិត ក្រោយពីមានការវាយប្រហារតាមអាកាសនៅស្រុកហារ៉ាត អ៊ី ស៊ូលថាន(Hazrat-e-Sultan) ភាគខាងជើងខេត្តសាម៉ានហ្គាន(Samangan)នៅយប់ថ្ងៃចន្ទ។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារចុងក្រោយនេះធ្វើឡើងក្រោយពីក្រុមសកម្មប្រយុទ្ធ
តាលីបង់បានបន្តការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល ដោយដណ្តើមបានការកាប់សង្កាត់ជាច្រើននៅជាយក្រុងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យ៉ាងណាមិញ ក្រុមសកម្មប្រយុទ្ធមិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍នេះទេរហូតមកដល់ពេលនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here