ប្រទេសអាហ្វហ្គានីស្ថាន៖មន្ត្រីសុខាភិបាលខេត្តប្រាប់ឲ្យដឹងថា សន្តិសុខ១នាក់ត្រូវបានសម្លាប់ និង២០នាក់រងរបួសនៅថ្ងៃអង្គារ ក្រោយពីមានហេតុការណ៍ផ្ទុះដ៏កក្រើកមួយកើតឡើងលើផ្លូវដ៏អ៊ូអរក្នុងទីក្រុងកានដាហា (Kandahar) ប្រទេសអាហ្វហ្គានីស្ថាន។
លោកដាវ៉ូដ ហ្វាហេដ (Dawood Farhad) ប្រធានមន្ទីពេទ្យស៊ីវិលខេត្តប្រាប់ភ្នាក់ងារសារព័ត៌មានថា អ្នករងរបួសរួមមានជនស៊ីវិល ១១នាក់ និងមន្ត្រីសន្តិសុខ ៩នាក់ ដោយក្នុងចំណោមនោះអ្នករងរបួសធ្ងន់ធ្ងរមាន ៧នាក់។ `
មន្រ្តីសន្តិសុខដែលសុំមិនបញ្ចេញឈ្មោះម្នាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “ព័ត៌មានបឋមបានរកឃើញថា មូលហេតុដែលនាំឲ្យមានការផ្ទុះគឺបណ្តាលមកពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់ Police District 7 ក្នុងទីក្រុងនៅពេលថ្ងៃត្រង់។”
លោកបន្ថែមថា ការវាយប្រហារនោះបានកំណត់គោលដៅទៅលើក្បួនរថយន្តរបស់កម្លាំងពិសេសអាហ្វហ្គានីស្ថាន ដែលបានបើកបរនៅក្បែរស្ថានីយ៍របស់កម្លាំងពិសេសក្នុងតំបន់។
ហេតុការណ៍ផ្ទុះបានបណ្តាលឲ្យមានផ្សែងក្រាស់ៗគួចទៅលើមេឃ និងបង្កឱ្យមានការភិតភ័យផងដែរ។
យ៉ាងណាមិញ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ទីក្រុងកានដាហាជាទីក្រុងមួយដែលរងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធតាលីបង់ដែលកំពុងប្រយុទ្ធជាមួយកម្លាំងរដ្ឋាភិបាលនៅពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១