ប្រទេសស៊ីរ៉ី៖យន្តហោះគ្មានមនុស្សបើកបានវាយប្រហារកំណត់គោលដៅលើមូលដ្ឋានដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅតំបន់ប្រេងអាល់ អូម៉ា (al-Omar) ក្នុងទីក្រុងឌៀរ អ៊ីសហ្ស័រ (Deir Ezzor) ភាគខាងកើតប្រទេសស៊ីរ៉ី។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើមូលដ្ឋានយោធារបស់កម្លាំងសហរដ្ឋអាមេរិកក្នុងតំបន់ប្រេងអាល់អូម៉ានៅព្រឹកថ្ងៃពុធ បណ្តាលឲ្យមានផ្សែងក្រាស់ៗជាតែច្រើនហោះគួចទៅលើអាកាស។
ប្រភពព័ត៌មានក្នុងតំបន់បន្ថែមឲ្យដឹងថា កងជីវពល QSD គាំទ្រដោយកម្លាំងសហរដ្ឋអាមេ រិក ដែលជាអ្នកការពារមូលដ្ឋានទ័ពអាមេរិកនៅតំបន់អាល់ជេរ៉ា (al-Jazeera) ក្នុងប្រទេសស៊ីរីបានលើកឡើងពីការវាយប្រហារនេះ ដោយពុំបានបញ្ជាក់បន្ថែមពីលទ្ធផលនៃការវាយប្រហារនោះទេ។
គួរបញ្ជាក់ផងដែរថា មូលដ្ឋាននេះរងការកំណត់គោលដៅពីគ្រាប់រ៉ូកែតចំនួន២គ្រាប់ក្នុងពេល១០ថ្ងៃចុងក្រោយនេះ បណ្តាលឲ្យមានការបំផ្លាញក្នុងតំបន់នោះផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១