ប្រទេសនីហ្សេរីយ៉ា៖មន្ត្រីប៉ូលិសបានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស៣៥នាក់ត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហេតុការណ៍វាយប្រហារលើភូមិចំនួន៥នៅភាគខាងជើងរដ្ឋហ្សាមហ្វារ៉ា (Zamfara) នៃប្រទេសនីហ្សរីយ៉ា។
លោកម៉ូហាម៉ាដ ស្ហិហូ (Mohammed Shehu) អ្នកនាំពាក្យប៉ូលិសក្នុងរដ្ឋហ្សាមហ្វារ៉ាប្រាប់ភ្នាក់ងារសារព័ត៌មានតាមទូរស័ព្ទថា ក្មាន់កាំភ្លើងជាច្រើននាក់បានវាយប្រហារលើភូមិចំនួន៥ក្នុងតំបន់រដ្ឋាភិបាលម៉ារ៉ាដុន (Maradun) នៅថ្ងៃព្រហស្បតិ៍ ដោយបានបាញ់ទៅលើអ្នកភូមិ និងបណ្តាលឲ្យផ្ទះរួមទាំងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត។លោកស្ហិហូមានប្រសាសន៍ថា៖ “មនុស្ស៣៥នាក់ត្រូវបានសម្លាប់ដោយក្មាន់កាំភ្លើង”។
អ្នកនាំពាក្យបញ្ជាក់ឲ្យដឹងថា កម្លាំងសន្តិសុខមិនអាចទៅដល់ទីតាំងកើតហេតុបានទាន់ពេលនោះទេក្រោយពីទទួលបានព័ត៌មានពីការវាយប្រហារនោះ ដោយសារតែស្ថានភាពផ្លូវមិនល្អ។ បច្ចុប្បន្នប៉ូលិសនៅតែបន្តតាមចាប់ក្មាន់កាំភ្លើងទាំងនោះ។
គួរបញ្ជាក់ផងដែរថា ការវាយប្រហាររបស់ខ្មាន់កាំភ្លើងបានកើតឡើងជាបន្តបន្ទាប់ក្នុង ប្រទេសនីហ្សេរីយ៉ានៅរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងមានការចាប់ខ្លួនមនុស្សជាច្រើននាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១