ប្រទេសអាហ្វហ្គានីស្ថាន៖អាជ្ញាធរខេត្តបានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទថា សមាជិកសំខាន់ម្នាក់របស់ក្រុមឧទ្ទាម IS ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់កម្លាំងពិសេសអាហ្វហ្គានីស្ថាននៅភាគខាងកើតខេត្តណានហ្គាហារ (Nangarhar)។
អាជ្ញាធរលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “លោកម៉ាឡាវី ហាហ្វីហ្ស (Mawlavi Hafiz) គឺជាសមាជិកសំខាន់នៃក្រុមសម្លាប់មនុស្សដែលគេដៅទុករបស់បណ្តាញភេរវករ IS។ លោកត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ដែលដឹកនាំដោយកម្លាំងពិសេសនៃអគ្គនាយកដ្ឋានសន្តិសុខជាតិអាហ្វហ្គានីស្ថាន (NDS) នៅតំបន់ជយហាប់ (Joye Haft) ក្នុងទីក្រុងចាឡាឡាបាដ (Jalalabad) រដ្ឋធានីខេត្តណានហ្គាហារ” ។
យោងតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកភេរវករដែលត្រូវបានសម្លាប់រូបនោះ ពីមុនមកធ្លាប់បម្រើការជាចៅក្រមរបស់ក្រុមឧទ្ទាមIS និងជាមេបញ្ជាការយោធាមូលដ្ឋានសំខាន់របស់ក្រុម IS នៅក្នុងខេត្តណានហ្គាហារ។ ក្រៅពីនេះ សមាជិកសម្លាប់កំណត់គោលដៅម្នាក់ផ្សេងទៀតរបស់ឧទ្ទាមក៏ត្រូបានចាប់ខ្លួនផងដែរនៅក្នុងសង្កាត់ក្បែរគ្នាបេសស៊ូដ (Behsud) ដែលមានចម្ងាយ១២០គីឡូម៉ែត្រពីទីក្រុងកាប៊ុល។
សមាជិក IS ដែលបានបង្ហាញខ្លួននៅក្នុងខេត្តណានហ្គាហារក្នុងឆ្នាំ២០១៥ មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១